ឯកឧត្តម ថោង ខុន វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុងដំណាក់កាល​កូ​វីដ​-១៩

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស​សម្រាប់​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​ថ្ងៃទី​២៨ ខែធ្នូ​នេះ បាន​ដឹកនាំ​ប្រតិភូ ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការសាងសង់​នៃ​កីឡដ្ឋាន​ធំ (Main Stadium) និង​បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សារ​ជូនពរ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដល់​ថ្នាក់ដឹកនាំ​សាងសង់ វិស្វករ និង​កម្មករ​ទាំង​ភាគី​ចិន និង​កម្ពុជា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២១ ខាងមុខ​ផងដែរ​។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ​សាងសង់ ពិសេស​ក្រុមហ៊ុន​សាងសង់ CSCEC តំណាង​ភាគី​ចិន រួមទាំង​កម្មករ​សរុប ៥៣៤​នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សាងសង់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ដោយ​បន្ដ​ការសាងសង់​ធម្មតា និង​ជំរុញ​ឲ្យ​សំណង់​ជា​ប្រវត្តិសាស្ដ្រ​លេច​រូបរាង​ឡើង រហូតមកទល់​ពេលនេះ​សម្រេច​លទ្ធផល​បាន​ប្រមាណ ៨៥% ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង នៅ​ដំណាច់​ខែឧសភា ឆ្នាំ​២០២១ ខាងមុខ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ថ្លែងថា «​ថ្ងៃនេះ គណៈកម្មការ​បច្ចេកទេស​បានមក​ជួបជុំគ្នា ដើម្បី​ជូនពរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល ២០២១ ហើយ​អរគុណ​ពួកគាត់ និង​កោតសរសើរ​ដល់​កិច្ចខិតខំ​របស់គាត់​ប្រកបដោយ​ការទទួលខុសត្រូវ ពិសេស​យើង​សង្កេតឃើញ​ក្នុងដំណាក់កាល​កូ​វីដ​-១៩ ការសាងសង់​អត់​មាន​ឈប់​ទេ គាត់​គ្រប់គ្រង​បានល្អ​ណាស់ ទាំង​កម្មករ​ខ្មែរ និង​កម្មករ​ចិន​»​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បន្ដថា «​ក្នុងដំណាក់កាល​កូ​វីដ​-១៩ ក៏​ត្រូវការ​អ្នកជំនាញ​ចិន​ប្រហែល ៥៩​នាក់ ដើម្បី​រៀបចំ​ដំបូល និង​ការងារ​មួយចំនួន​ដែរ ហើយ​យើង​បាន​សម្រួល​ជាមួយ​គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ឲ្យ​ពួកគាត់​បានមក តែ​ត្រូវអនុវត្ត​វិធាន​ក្រសួងសុខាភិបាល​យ៉ាង​ម៉ត់ចត់ ដោយ​ធ្វើ​ច​ត្ដា​ឡី​ស័ក ១៤​ថ្ងៃ​។ ដូច្នេះ​ការសាងសង់​នៅទីនេះ គឺ​អត់​មាន​យឺត​ទេ ទោះ​ការងារ​ខ្លះ​យឺត​តិចតួច ដោយសារ​សម្ភារៈ​មួយចំនួន ត្រូវ​ដឹក​មកពី​ក្រៅប្រទេស ដូចជា​ដំបូល ដែល​ដឹកនាំ​ពី​ប្រទេស​អាល្លឺម៉ង់​ជាដើម​»​។​

​ផ្អែកលើ​សមិទ្ធផល​ដែល​កំពុង​បង្ហាញ​រូបរាង​ដ៏​ទាក់ទាញ​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន បានចាត់ទុក​នេះ​គឺជា​មោ​ន​ទ​ភាព​ជាតិ​មួយ​សម្រាប់​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ចិន និង​កម្ពុជា ហើយក៏​ជា​សម្បត្តិ​ដ៏​អស្ចារ្យ​ដែលជា​អនុស្សាវរីយ៍ សម្រាប់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​សាងសង់​សំណង់​រឹង​ស្ទើរ​រួចរាល់ ១០០% បច្ចុប្បន្ន​ក្រុមការងារ​សាងសង់ កំពុង​មមាញឹក​ក្នុងការ​បំពាក់​ដំបូល ដោយ​សម្រេចបាន​លទ្ធផល​ប្រមាណ ៧០% និង​ជញ្ជាំង ដែល​រំលេច​នូវ​ផ្ការំដួល បានសម្រេច​លទ្ធផល​ប្រមាណ​ជាង ៩០%​។ រីឯ​ការតុបតែង​បន្ទប់ និង​ការសាងសង់​ទីលាន​ស្មៅ​ធម្មជាតិ ក៏ដូចជា​ទីលាន​រត់​អត្តពលកម្ម​វិញ ក៏​កំពុងដំណើរការ​សាងសង់​ជា​បន្ដបន្ទាប់​ផងដែរ​។​

​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ​។ សមិទ្ធផល​ដ៏​ធំ​សម្បើម ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ ៦​ម៉ឺន​នាក់​នេះ គឺ​សាងសង់ឡើង ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕
​ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close