រថយន្ត២គ្រឿងប៉ះគ្នា ភាគីម្ខាងដកកាំភ្លើងបាញ់៩គ្រាប់ ស្លាប់ម្នាក់ភ្លាមៗ
ភ្នំពេញ៖ ក្នុងករណីគ្រឿងថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត២គ្រឿង ប៉ះទង្គិតគ្នា ធ្វើឲ្យភាគីម្ខាង បានដកកាំភ្លើងពីក្នុងរថយន្ត បាញ់ទៅលើជនរងគ្រោះជាភាគីម្ខាងទៀត បណ្ដាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះដែរកើតឡើង នៅវេលាម៉ោងជាង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃពុធទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះក្រៅហៅ ញក់ ភេទប្រុស អាយុ៤០ឆ្នាំ មានប្រពន្ធនិងកូនមុខរបរបម្រើការងារជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីលោកចៅសង្កាត់រងខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានបើករថយន្តម៉ាក FORD ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BD 3738 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ខណៈដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កខាងលើម៉ាកLexus ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាម 2A 4546 ធ្វើដំណើរពីខាងក្រោយ ក្នុងទិសដៅដូចគ្នា មកបុកចំពីក្រោយរថយន្ត FORD បណ្តាលឲ្យបែកស្តុប រួចខាងរថយន្តជនរងគ្រោះ ឲ្យរថយន្តបង្កបើកមកគៀនទាំងអស់គ្នា ដើម្បីធ្វើការសម្របសម្រួល ចំណែកឯរថយន្តបង្កវិញ បានព្រមព្រៀងសងជាសំណងអស់ទៅហើយ ស្រាប់តែជនរងគ្រោះ បានឱនមើលគូទរថយន្តកន្លែងដែលខូចខាត ក៏ត្រូវជនបង្កទាញកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះ ៩គ្រាប់ បណ្តាលឲ្យចំក្បាល និងដងខ្លួន ស្លាប់តែម្តង។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ ដើម្បីប្រមូលវត្តុតាង និងតាមស្រាវជ្រាវរកជនបង្ក ដើម្បីឃាត់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។