នាយករដ្ឋមន្ត្រី​ថៃ ឲ្យ​ពលរដ្ឋ​ស្នាក់​នៅផ្ទះ នាឱកាស​ថ្ងៃ​ឈប់សម្រាក ឆ្លង​ឆ្នាំ​ថ្មី ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩

​ថៃ​៖ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ថ្ងៃ​អង្គារ​នេះ បានធ្វើ​ការជំរុញអោយ​ប្រជាជន​ខ្លួន​ស្នាក់នៅ​ក្នុងផ្ទះ​អំឡុង​ថ្ងៃ​ឈប់សម្រាក​ដាច់​ឆ្នាំ ដើម្បី​ទប់ស្កាត់​ការកើនឡើង​យ៉ាងគំហុក​នៃ​ករណី​ឆ្លង​វីរុស Covid-19 នេះ​បើតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ។​

​លោក ប្រា​យុទ្ធ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន​ថា យើង​ទំនង ជា​រៀបចំ​ការអបអរសាទ​រ​ឆ្លង​ឆ្នាំ​ថ្មី​នៅក្នុង​ផ្ទះ​សម្រាប់​ឆ្នាំនេះ ជាមួយនឹង​ការកំណត់​ចំនួន​មនុស្ស ។ ជាមួយនឹង​ការបន្ត​កើនឡើង​ចំនួន​អ្នក​ឆ្លង Covid-19 ថ្មីៗ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន ដែល​រួមមាន​ទាំង​ទីក្រុង​បាងកក​ផង​នោះ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​ថែមទាំង​បាន​សង្កត់ធ្ងន់​ទៀតថា ប្រជាជន​ទាំងអស់​គួរតែ​ធ្វើដំណើរ​នៅក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ ។

​ទន្ទឹមគ្នានេះ ក្រុមមន្ត្រី​ថៃ​ក៏បាន​ប្រកាស​ពី​ការ​រឹតត្បិត​ថ្មី​នៅក្នុង​ទីក្រុង​បាងកក ផងដែរ ក្នុងនោះ​រួមមាន​ការបិទ​ទីតាំង​កម្សាន្ត​សប្បាយ​ខ្លះ ក្នុងអំឡុងពេល​ឈប់សម្រាក​ដាច់​ឆ្នាំ នៅពេល​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​បន្ត​កើនឡើង ក្រោយ​ការផ្ទុះ​ជំងឺ​នៅ​ខេត្ត​ក្បែរ​ខាង​នោះ​កាលពី​ជាង​មួយ​សប្តាហ៍​មុន ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close