អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​អាមេរិក លោកស្រី Kamala Harris ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩

​សារព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បាន​ផ្សាយ​ថា អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​អាមេរិក លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ​រួចហើយ ដោយ​ដំណើរការ​នេះ​ត្រូវបាន​ផ្សាយ​ផ្ទាល់ (live) នៅតាម​កញ្ចក់​ទូរទស្សន៍​ផងដែរ​។​
​
ការចាក់​វ៉ាក់សាំង​របស់លោក​ស្រី Harris ធ្វើឡើង​នៅឯ​មណ្ឌល​វេជ្ជសាស្ត្រ United (United Medical Center) ដែលមាន​មូលដ្ឋាន​នៅក្នុង រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី និង​ជា​ប្លុក​ដែលមាន​ជនជាតិ​អាមេរិក ដើមកំណើត​អាហ្វ្រិក រស់នៅ​ច្រើន​កកកុញ​។ លោកស្រី Harrise ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ មាន​ទំនុកចិត្ត​ចំពោះ​ដំណើរការ ចែកចាយ​វ៉ាក់សាំង COVID-19 នេះ​។​
​អនាគត​អនុ​ប្រធានាធិបតី​អាមេរិក​ជា​ស្ត្រី​ដំបូង និង​មាន​ស្បែក​ខ្មៅ​ផងដែរ​នោះ បានលើកឡើង​យ៉ាង​ដូច្នេះ «​ខ្ញុំ​ចង់​រំលឹក​ដល់​ប្រជាជន​ទាំងឡាយ​នៅទីនេះ (​សហគមន៍​ជនជាតិ​ស្បែក​ខ្មៅ​) ថា ពួកគេ​ទុកចិត្ត​ចំពោះ​ប្រភព​នៃ​ជំនួយ ហើយ​ដែល​ប្រការ​នេះហើយ ទើប​ពួកគេ​អាច​ទៅកាន់​ទីនោះ ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​»​។ សម្រាប់​វ៉ាក់សាំង​ដែល​លោកស្រី Harris ទើបតែ​បាន​ចាក់​នេះ គឺជា​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក Moderna​។​

​បើតាម​របាយការណ៍​ក្នុងស្រុក​របស់​អាមេរិក ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក បាននិងកំពុង​ប្រឈមមុខ​អត្រា​ឆ្លង និង​ស្លាប់​ខ្ពស់​ជាងគេ​ដោយសារ COVID-19​។ ដោយសារតែ​ហេតុនេះហើយ ទើប​សហគមន៍​ជនជាតិ​ស្បែក​ខ្មៅ បាន​អំពាវនាវ​ឲ្យ​សហគមន៍​ពួកគេ ទទួលបាន​អាទិភាព សម្រាប់​ការចាក់​វ៉ាក់សាំង COVID-19​។ បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មាន​វ៉ាក់សាំង​ចំនួន ០២ ដែល​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ ឲ្យ​ប្រើប្រាស់​ក្នុងករណី​បន្ទាន់ នោះ​គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNtech និង​ក្រុមហ៊ុន Moderna៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close