​ពលករ​ខ្មែរ ដែល​មកពី​ប្រទេស​ថៃ ២​នាក់ រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការ រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ លើ​ពលករ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចំនួន​២​នាក់ ខណៈ​ករណី​ជាសះស្បើយ​មិនមាន​នោះទេ​។​

​អ្នក​ទាំង​២​នាក់​ដែល​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នោះ​រួមមាន​៖
១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៣៦៦​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន ៣៦១​នាក់ និង​អ្នកជំងឺ​៥​នាក់ កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close