ឯកឧត្តម ហ៊ុន ម៉ាណែត៖ ពរជ័យតំណក់ប្រេងដំបូងរបស់កម្ពុជា កើតឡើងចំពេលប្រជាជាតិ កំពុងអបអរសាទរខួបទី២២ នៃការបញ្ចប់សង្គ្រាម
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហោះនូវសារអបអរសាទរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាទទួលបានពរជ័យនូវតំណក់ប្រេងជាលើកដំបូង។ លោកបានលើកឡើងថា តំណក់ប្រេងដំបូងរបស់កម្ពុជា កើតឡើងស្របចំពេល ប្រជាជាតិយើងទាំងមូល កំពុងអបអរសាទរខួបទី២២ (២៩ ធ្នូ ១៩៩៨-២៨ ធ្នូ ២០២០) នៃការបញ្ចប់សង្គ្រាមផ្ទៃក្នុង និងការទទួលបានសន្តិភាពពេញលេញ។ នេះជាសមិទ្ធិផលប្រវត្តិសាស្ត្ររបស់ប្រទេស និងប្រជាជនកម្ពុជាយើង ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយស្មារតីទទួលខុសត្រួវខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ។
គូសបញ្ជាក់ថា សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីដំណឹងដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ពីការចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ របស់កម្ពុជាទាំងមូល។
សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។ ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។