ឯកឧត្តម ជា សុផារ៉ា ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តរួមជាមួយនឹង មន្ត្រីជំនាញអាជ្ញាធរក្រុង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានចុះ ពិនិត្យ វឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
នាឱកាសនោះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានពិនិត្យមើល ទីតាំងអាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីធ្វើយ៉ាងណាពន្លឿនឲ្យបានឆាប់រួចរាល់ បញ្ចៀសបាននូវការ បង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដែលបង្កឲ្យប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ។
ក្នុងដំណើរចុះពិនិត្យ ការស្ថាបនាផ្លូវ ការអ៊ុតកៅស៊ូ សួនច្បារ ការដាំដើមឈើបំពាក់អំពូលភ្លើង និងការរៀបចំក្រាលថ្ម ក្រានីត ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញឲ្យក្រុម ជាងយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវទាំងអស់ ត្រូវឱ្យទៅតាមស្តង់ដារលក្ខណៈ បច្ចេកទេស មានគុណភាព សោភណភាព ជាប់បានយូរអង្វែងបម្រើដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគ មកបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុមានភាពងាយស្រួល។
គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០,០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួច ជាបន្តបន្ទាប់មានកម្រាស់០,២៥ម៉ែត្រ។ គម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែ គ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២១ ខាងមុខនេះ ដូចនេះខេត្តព្រះសីហនុនិងមានសោភណភាព ភ្លើង ផ្លូវ សួនច្បារ ការដាំដើមឈើ អាង ចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ មិនឲ្យហូរចូល ទៅក្នុងសមុទ្រដែលបង្កឲ្យប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។