កូវីដ១៩ ៖ អាមេរិក ស្លាប់កើនឡើង អឺរ៉ុបបង្កើនល្បឿនចាក់វ៉ាក់សាំង
ចំនួនអ្នកឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើស ២០លាននាក់ហើយ បន្ទាប់ពីរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣៤,៥៥០នាក់ ទៀត បានឆ្លងជំងឺដ៏កាចសាហាវមួយនេះ ខណៈអ្នកជំងឺ ៣,៨៨០នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២០,២១៦,៩៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៥០,៧៧៨នាក់ និងជាសះស្បើយឡើងសរុបចំនួន ១១,៩៩៨,៧៩៤នាក់។
គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម។
អឺរ៉ុប បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០ ហើយកម្មវិធីចាក់វ៉ាក់សាំងធ្វើឡើងនៅក្នុងប្រទេសទាំង២៧ ក្នុងសហគមន៍ ។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់ គឺជារប់សក្រុមហ៊ុនPfizer / BioNTech ។ វ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នៅថ្ងៃទី២១ខែធ្នូ ។
នេះជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប ដែលមានពលរដ្ឋ៤៥០ លាននាក់រស់នៅ ។ បច្ចុប្បន្ន ប្រទេសដែលមានករណីឆ្លងច្រើនបានចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដោយមិនរងចាំយូទៀតឡើយ ដោយសង្ឃឹមថានឹងគ្រប់គ្រងបានក្នុងពេលឆាប់ៗ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
ពាក់ព័ន្ធការចាក់វ៉ាក់សាំង រដ្ឋាភិបាលអាលឺ្លម៉ង់បានប្រកាសថា ការចាក់វ៉ាក់សាំង មិនបង្ខិតបង្ខំនោះឡើយ ប៉ុន្តែប្រសិនបើពលរដ្ឋទៅចាក់វ៉ាក់សាំងកាន់តែច្រើនកានតែល្អដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។ តាមការស្ទងមតិនៅក្នុងប្រទេសអាល្លឺម៉ង់ មានពលរដ្ឋដល់ទៅ៦៥ភាគរយ ចង់ទៅចាក់វ៉ាក់សាំងកូវីដ ១៩។
នៅតំបន់អឺរ៉ុប មានប្រជាជនជាង ៤៥០លាននាក់ ប៉ុណ្ណោះ ប៉ុន្តែមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ២៣,៣លាននាក់ ក្នុងនោះមាន៨ប្រទេសមានករណីឆ្លងលើសពី១លាននាក់។ អ្នកស្លាប់មានដល់ទៅជាង៥៣៨ពាន់នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។