រថយន្តធំ បើកចុះចំណោតដាច់ហ្វ្រាំង ជ្រុលបុករថយន្តចតចោល ក្រឡាប់ធ្លាក់ផ្លូវ រងរបួសធ្ងន់ ២នាក់
ខេត្តកោះកុង៖ កាលពីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តធំ១គ្រឿង បានបើកចុះចំណោទក្នុងល្បឿនលឿន ដាច់ហ្វ្រាំងជ្រុលទៅបុកគៀរពីចំហៀងរថយន្ត១គ្រឿងទៀត ឈប់នៅចិញ្ចើមផ្លូវ ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ២នាក់ នៅលើផ្លូវជាតិលេខ៤៨ ក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីយន្តដាយ ប្រភេទរថយន្តដឹកកៅស៊ូអ៊ុតថ្នល់ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ ៣A.៧៣២៤ អ្នកបើកបរឈ្មោះ ស្រ៊ន ភារិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ឃុំអង្កាមស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសធ្ងន់) អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ម៉ុន ណែម ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបឹងច្រាបត្បូង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់)។
រីឯរថយន្តដែលចតចោល ម៉ាកដេរវូ ប្រភេទដឹកគ្រឿងចក្រ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ ៣A.៥៦៥៣ បើកបរដោយឈ្មោះ ផុន នាង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិពកស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ (គ្មានរបួស)។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះធ្វើអន្តរាគមន៍ ជួយសង្គ្រោះ និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។