​ពលករខ្មែរ ​ដែល​មកពី​ប្រទេស​ថៃ ត្រូវធ្វើ​ច​ត្ដា​ឡី​ស័​ក្ដ នៅ​ខេត្ត​ជាប់​ព្រំដែន​តែម្ដង​

​ភ្នំពេញ​៖ បន្ទាប់ពី​រកឃើញ​មាន​ករណី​ឆ្លង​នាំចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សារ​បន្ទាន់​មួយ ដោយសារ​បញ្ជា​មិន​ឲ្យ​ដឹក ពលករ​មកពី​ប្រទេស​ថៃ ចេញមក​ធ្វើ​ច​ត្ដា​ឡី​ស័​ក្ដ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​នោះទេ ពោល​ត្រូវធ្វើ​នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន​នោះ​តែម្ដង​។​

​ការដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់​ថ្មី​មួយ​នេះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​សម្ដេច​អះអាងថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ក្នុងប្រទេស​កម្ពុជា ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ក្រសួងសុខាភិបាល រកឃើញថា មនុស្ស​ប្រមាណ​ជិត​១០​នាក់​ហើយ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចេញពី​ប្រទេស​ថៃ​។​

​តាមរយៈ​សារ​សំឡេង​បន្ទាន់​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ផ្នែក​ដឹកជញ្ជូន ត្រូវ​ផ្អា​ការដឹកជញ្ជូន​បងប្អូន​ដែល​មកពី​ប្រទេស​ថៃ ហើយ​ត្រូវ​ពង្រឹងសមត្ថភាព​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័​ក្ដ​នៅតាម​ច្រកព្រំដែន ដែល​យើង​បានកំណត់​ទីតាំង ហើយ​ត្រូវយក​សំណាក​នៅ​ទីនោះ ធ្វើ​ច​ត្តា​ឡី​ស័​ក្ដ​នៅ​ទីនោះ ក្នុង​រយៈពេល​១៤​ថ្ងៃ​»​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់​ទៀតថា ក្រសួងសុខាភិបាល ត្រូវ​បន្ថែម​នូវ​សម្ភារ ថវិកា ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័​ក្ដ និង​ការយក​សំណាក ដើម្បី​ធ្វើតេស្ដ​ដោយ​បន្ថែម​ក្រុមគ្រូពេទ្យ​ទៅកាន់​ទីនោះ ប្រសិនបើ​មានការ​ចាំបាច់​។ ដូច្នេះ​អ្វីដែល​សម្ដេច​ចង់​បញ្ជាក់​នៅទីនេះ គឺ​ខេត្ត​នៅតាម​បណ្ដា​ព្រំដែន ក៏ដូចជា​កម្លាំង​ព្រំដែន​ទាំងអស់ យកចិត្តទុកដាក់​គ្រប់គ្រង​ឲ្យ​ហ្មត់ចត់​ជាមួយ​ពលករ ពល​ការិនី​របស់​យើង ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហើប​ទៀតថា តាម​ការប៉ាន់ស្មាន់​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​មកពី​ប្រទេស​ថៃ អាច​នឹង​កើន​ឡើងជា​បន្ដបន្ទាប់ ខណៈ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង នឹងត្រូវ​រ៉ាប់រង​នូវ​ការព្យាបាល​អ្នក​ឆ្លង​ទាំងអស់នោះ​។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានប្រកាស​ជា​ផ្លូវការ មាន​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​មកពី​ប្រទេស​ថៃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ម្នាក់​មាន​ស្រុកកំណើត​នៅ​ស្រុក​កំរៀង ខេត្ដ​បាត់ដំបង និង​ម្នាក់ទៀត មាន​ស្រុកកំណើត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close