ប្រទេស​ថៃ កូ​វីដ​១៩ ឆ្លង​រាលដាល​ដល់ ៥១​ខេត្តហើយ

​ប្រទេស​ថៃ​៖ សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១ មករា ២០២១​នេះ​ថា មាន​រាជធានី​-​ខេត្ត​ចំនួន​៦ ត្រូវបាន​ចាត់ទុកថា​ជា​តំបន់​គ្រប់គ្រង​ខ្លាំងជាងគេ ទាក់ទង​ករណី​ជំងឺ​កូ​វីដ​១៩ ដែល​ផ្តើមចេញពី​ករណី​ខេត្ត​សាមុត សាខុន ខណៈដែល​ករណី​ឆ្លង​នេះ​បាន​រាលដាល​កើន​ដល់​៥១​ខេត្តហើយ​។

​ព្រោះតែ​ការឆ្លង​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នោះ ទើប​បង្ខំចិត្ត​ពលរដ្ឋ​ពិបាក​ជួបជុំ​ឆ្លង​ឆ្នាំ ហើយ​មើល​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​ ​រាជធានី​ខេត្ត​ទាំងនោះ​រួមមាន បាងកក ឈុន​ប៊ូ​រី ណា​ខន​ផា​ទុម នុត​ថា​ប៊ូ​រី រ៉ា​យ៉ង និង​សាមុត សា​ខន ដោយ​ក្នុង​តំបន់​នីមួយៗ មាន​ឆ្លង​ជាង​៥០​ករណី​ឡើងទៅ តម្រូវ​ឲ្យ​មាន​វិធាន​ពិសេស ទប់ស្កាត់​ខ្លាំងជាងគេ​។​

​ម្សិលមិញ​នេះ ថៃ​មាន​ឆ្លង​ថ្មី​១៩៤​នាក់​ទៀត ក្នុងនោះ ១៨១​ឆ្លង​ក្នុង​សហគមន៍ និង​១៣​នាក់​គឺជា​ករណី​នាំចូល នាំ​ឲ្យ​ថៃ​មាន​កូ​វីដ​១៩​សរុប ៦៨៨៤​នាក់​ហើយ​។ កាលពី​ថ្ងៃ​ពុធ ក៏មាន​២៥០​ករណី​ថ្មី​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close