៣​ថ្ងៃ ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល កម្ពុជា ទទួលបាន​ទេសចរ​ជាង ១​លាន​នាក់

​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ​នាឱកាស​ឆ្លង​ឆ្នាំ​សកល ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ១,០៩៦,៧៨៦​នាក់​។

​បើតាម​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស ទទួលបាន​ភ្ញៀវ​សរុប​ចំនួន ៦៩៩,៧២៤ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៦៩៧,០៦៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ២,៦៥៨ នាក់​។ នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១ ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ២២១,៦៧៦ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២១៩,៣១៣ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ២,៣៦៣ នាក់​។ ដោយឡែក​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១​វិញ ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ១៧៥,៣៨៦​នាក់​ទៀត ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១៧៣,០០៥​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ២,៣៨១ នាក់​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​ការកត់សម្គាល់ថា បន្ទាប់ពី​ឆ្លង​ឆ្នាំ​សាកល​រួចហើយ ប្រជាពលរដ្ឋ​មួយចំនួន​បានចេញ​ដើរ​កម្សាន្ត​ទៅកាន់​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ខណៈ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បានចេញ​ដើរ​កម្សាន្ត​នៅតាម​បណ្តា​រាជធានី​-​ខេត្ត នា​យប់​ឆ្លង​ឆ្នាំ ក៏បាន​បន្តដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន ហើយ​ចរន្ត​ភ្ញៀវទេសចរ​នឹង​បន្ត​រហូតដល់​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​។​

​គោលដៅ​ទេសចរណ៍​នានា ពិសេស​នៅតាមរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍​បាន​ខិតខំ​អនុវត្ត​នូវ​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការកំណត់​សមត្ថភាព​ផ្ទុក​អតិបរមា ស្របតាម​ស្តង់ដា​គម្លាត​សុវត្ថិភាព (១.៥០ ម៉ែត្រ​) ខណៈដែល​កន្លែង​ខ្លះ​នៅ​មិនទាន់បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៅឡើយ ពិសេស​គោលដៅ​ទេសចរណ៍​ដែលមាន​លក្ខណៈ​បើកចំហរ និង​ការប្រមូលផ្តុំ​ច្រើន ដូចជា​នៅ​មាត់សមុទ្រ​ជាដើម​។​

​ពាក់ព័ន្ធ​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ​សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ​។ គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត នៅតែ​បន្ត​ចាត់​ក្រុមការងារ​ចុះ​ពិនិត្យ និង​ណែនាំ​ភ្ញៀវទេសចរ និង​អាជីវករ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ការពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close