ផ្លូវជាតិលេខ៣ សម្រេចការសាងសង់បាន៩០%ហើយ គ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែងប្រមាណ ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) គិតមកដល់ពេលនេះ សម្រេចការសាងសង់បាន៩០%ហើយ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១នេះ មុនការកំណត់ចំនួន១ឆ្នាំ។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិលេខ៣។
សូមបញ្ជាក់ថា ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។
គម្រោងនេះ ចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។