អាជ្ញាធរខេត្តព្រះសីហនុ នាំអំណោយចែកជូនប្រជាពលរដ្ឋ ៣៥៧គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់
ខេត្តព្រះសីហនុ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០១ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមស្រុកព្រៃនប់ សរុបចំនួន ៣៥៧គ្រួសារ ក្នុងបរិវេណវត្តទឹកល្អក់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីសកម្មភាពប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣ឃុំ ក្នុងនោះមាន ឃុំជើងគោ ១ខ្នងផ្ទះ ឃុំទឹកល្អក់ ៧០ខ្នងផ្ទះ និងឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។ ដោយសារតែតំបន់នេះនៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ គ្រាន់តែរងគ្រោះតិច ឬច្រើនតាមស្ថានភាពអាកាសធាតុ។
ឯកឧត្តម គួច ចំរើន បានចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីចុងខែធ្នូ និងដើមខែមករា ២០២១នេះ ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ ២២៣គ្រួសារ មកពី៣ឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកព្រៃនប់ ចំនួន ១៣៣នាក់ សរុប ៣៥៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ០១យួរ តង់មួយ កន្ទេល០១ ទឹកសិទ្ធ ០១កេស ឃិតមួយកញ្ចប់ (ក្រមា១ មុង១ ភួយ១ សារុង១) និងថវិកា ៥០,០០០រៀល ដោយឡែកក្រុមអ្នកស្ម័គ្រចិត្តកាកបាទ ក្រហម ១៣៣មិនបានទទួលតង់ទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។