អភិបាលខេត្ត​បន្ទាយមានជ័យ ចុះសួរសុខទុក្ខ​កងកម្លាំង​ចម្រុះ កំពុង​ប្រចាំការ​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន

​ខេត្តបន្ទាយមានជ័យ​៖ ក្នុង​បេសកម្ម​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុំ រាត្រី ​អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​កងកម្លាំង​ចម្រុះ​ប្រចាំ ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​គោលដៅ​នានា តាម​បណ្តោយ​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា ប្រទេស​ថៃ​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ក្នុង​បេសកម្ម​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ពី​ក្រៅ ប្រទេស ជាពិសេស​ប្រទេស​ថៃ ដែល​កំពុង​ផ្ទុះ​ការចម្លង​ជម្ងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍ ។

​ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា ការពង្រឹង​សមត្ថកិច្ច​តាម​ព្រំដែន គឺជា​ការ​អនុវត្តតាម​ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ឱ្យ​បណ្តា​ខេត្ត​ដែលមាន​ព្រំដែន ជាប់​នឹង​ប្រទេសជិតខាង ត្រូវមាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់ នូវ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ជាពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ពលករ​ខ្មែរ​ចំណាកស្រុក​។​

​ឯកឧត្តម មានប្រសាសន៍​ជំរុញ​ដល់​កម្លាំងចម្រុះ​ទាំងអស់ និង​មន្ត្រី​ប្រចាំការ​នៅតាម​ច្រកទ្វារ​តាម​បន្ទាត់​ព្រំដែន តាម​គោលដៅ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​តាមដាន​រាល់​សភាពការណ៍ នៃ​ការឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ និង​ត្រូវ​ប្រចាំការ ២៤​ម៉​/២៤​ម៉ តាម​គោលដៅ​ដែល​ខ្លួន​ទទួលខុសត្រូវ ក្រែង​សមត្ថកិច្ច​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់មកវិញ ហើយ​ប្រសិនបើ​មាន​មែន ត្រូវ​សហ​ករ​ឲ្យ​បានល្អ​ជាមួយ​មន្ត្រី​សុខាភិបាល ត្រូវ​ពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​សិន ដើម្បី​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close