ចិនបង្កើនការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សងាយឆ្លងឲ្យរួចរាល់មុនចូលឆ្នាំចិន
បច្ចុប្បន្នចិនមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីរប្រភេទដែលប្រើប្រាស់ជាផ្លូវការចាក់ជូនពលរដ្ឋ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac និងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Sinopham ។ រដ្ឋាភិបាលចិនបានបង្កើនការចាក់វ៉ាក់សាំងដល់បុគ្កលងាយរងគ្រោះបំផុតឲ្យរួចរាល់មុនចូលឆ្នាំចិនខាងមុខ គឺមុននិទាឃរដូវចូលមកដល់។
តាមសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃ ទី០៤ ខែមករា ឆ្នាំ២០២១ បានផ្សាយថា មន្ត្រីធរមូលដ្ឋានបានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 សម្រាប់ក្រុមសំខាន់ៗ នៅមុនពេលដែលបុណ្យនិទាឃរដូវ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំនេះ មកដល់ និងចូលឆ្នាំចិនប្រពៃណី។ ពលរដ្ឋចិនបានខកខានពិធីបុណ្យចូលឆ្នាំ១ឆ្នាំរួចមកហើយ ដោយសារតែកូវីដ១៩ ឆ្លងរាលដាល។
គណៈកម្មការសុខាភិបាលក្រុងប៉េកាំង បាននិយាយថា នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងជុំនេះបិទបញ្ចប់ ប្រជាជនដែលសក្តិសមទាំងអស់នៅក្នុងទីក្រុង នឹងទទួលបានការវ៉ាក់សាំង COVID-19 ទាំងអស់គ្នា ខណៈដែលសកម្មភាពផលិតវ៉ាក់សាំង កំពុងតែបង្កើនសមត្ថិភាពផលិតរបស់ខ្លួនកាន់តែច្រើនឡើង។
គួរបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃ ចាប់តាំងពីទីក្រុងប៉េកាំង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ មានប្រជាជនសរុបចំនួន ៧៣,៥៣៧នាក់ នៃតំបន់ចំនួន ២២០កន្លែងនៅទូទាំងទីក្រុង បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូងរួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។