កម្ពុជា ក្នុងឆ្នាំ២០២០ នាំចេញផលនេសាទបានជាង ៣.៥០០តោន ស្មើនឹង ៨លានដុល្លារអាមេរិក
ភ្នំពេញ៖ ការនាំចេញផលិតកម្មជលផលរបស់កម្ពុជា នៅឆ្នាំ ២០២០ សម្រេចបានក្នុងបរិមាណសរុប ៣៥៩០តោន ក្នុងតម្លៃទឹកប្រាក់ជាង ៨លានដុល្លារអាមេរិក ខណៈទិន្នផលត្រីទឹកសាបធម្មជាតិនៅឆ្នាំដដែលនេះ ត្រូវបានប៉ាន់ប្រមាណថា ធ្លាក់ចុះក្នុងរង្វង់ ១៣ភាគរយ។ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមទិន្នន័យនេះ បានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ ផលិតផលជលផលសរុបមានចំនួន ៩៣ម៉ឺនតោន ក្នុងនោះ ផលិតផលទឹកសាប មានចំនួន ៤១ម៉ឺនតោន, ផលិតផលសមុទ្រ មានចំនួន ១២ម៉ឺនតោន និងផលិតផលវារីវប្បកម្មចំនួន ៤០ម៉ឺនតោន។ ជាមួយគ្នានេះតម្លៃប៉ាន់ស្មានសរុបនៃផលជលផលទឹកសាប និងសមុទ្រ មានចំនួនជាង ១ពាន់លានដុល្លារអាមេរិក និងផលិតផលវារីវប្បកម្ម ចំនួនជាង ៨០០លានដុល្លារអាមេរិក។
សូមជម្រាបថា ប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចេញផលិតផលនេសាទទៅកាន់ប្រទេសជិតខាង ដូចជា វៀតណាម និងថៃ បន្ទាប់មកសិង្ហបុរី ជប៉ុន កូរ៉េ និងចិនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។