កម្ពុជា នឹងចុះត្រជាក់ខ្លាំង ដល់១២អង្សា នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយបន្ថែម ស្តីពីអាកាសធាតុកម្ពុជា នឹងចុះត្រជាក់ខ្លាំង រហូតដល់ ១២អង្សាសេ នៅតំបន់មួយចំនួន ចាប់ថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។
ក្រសួង បានបញ្ជក់ថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានស្ថានភាពដូចខាងក្រោម៖
*ទី១៖ នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី១៤°C ទៅ១៧°C។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង) សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅ ក្នុងរង្វង់ពី១២°C ទៅ១៥°C លាយឡំជាមួយខ្យល់ខ្លាំង។
*ទី២៖ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៦°C ទៅ១៩°C។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៥°C ទៅ១៨°C លាយឡំជាមួយខ្យល់មធ្យម។
*ទី៣៖ នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ២១°C។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះ ក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។