រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារធនធានធម្មជាតិ
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តមសមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។
ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន ពង្រឹងការអប់រំប្រជាពលរដ្ឋ លើកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រទាំងអស់គ្នានិងស្នើឱ្យដាំដើមឈើដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។