យុវជន​សម័យថ្មី មានឱកាស ទទួលបាន​ការអប់រំ ទាំង​ក្នុង​និង​ក្រៅប្រទេស​ស្មើរៗ​គ្នា ក្រោម​សន្តិភាព ដែល​បានមកពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​!

ដោយសារ​កត្តា​សុខសន្តិភាព ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​កើតចេញពី​ភាព​វៃ​ឈ្លាស របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឲ្យ​យុវជន​កម្ពុជា​បច្ចុប្បន្ន មានឱកាស​ស្មើរៗ​គ្នា​ក្នុង​ការទទួល​បានការ​សិក្សាអប់រំ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ចូលរួម​បម្រើ​សង្គមជាតិ ឲ្យ​មានការ​អភិវឌ្ឍ​ជា​លំដាប់ ដែល​នេះ​គឺជា​សច្ចៈ​ភាពមិន​អាច​បំភ្លៃ​បានជា​ប្រវត្តិសាស្ត្រ​។

​មិន​ខុស​អំពី​យុវជន​ដទៃ លោក​វរសេនីយ៍ឯក សៀ ទីន កូនប្រុស​លោក រ័ត្ន ស្រ៊ាង បានទទួល​ឱកាស​សិក្សា និង​បានបញ្ចប់​ការសិក្សា​របស់ខ្លួន លើ​មុខជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ រួមមាន បរិញ្ញាបត្រ​ធុរៈកិច្ច គ្រប់គ្រង​យោធា ពី​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ​និង​អភិបាលកិច្ច ពី​ប្រទេស​អូស្ត្រាលី ហើយ​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​វគ្គ បញ្ជាការ​សេនាធិការ ពី​ប្រទេស​សិង្ហ​បុរី និង​បាន​យក​យុ​ទ្ឋ​សាស្ត្រ​ថ្មីៗ មក​អភិវឌ្ឍ​អង្គភាព​របស់ខ្លួន ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បីនាក់ កើត​ក្នុង​ត្រកូល​គ្រួសារ​មន្ត្រីរាជការ​ធម្មតា យុវជន សៀ ទីន បាន​ចាប់យក​អាជីព​ជា​កងរាជអាវុធហត្ថ ដោយសារ​កាល​នៅ​ក្មេង​រូបលោក​បានឃើញ​ឪពុក​ស្លៀក​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ក៏​ធ្វើ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​ចង់​ក្លាយជា​មន្ត្រី​អាវុធហត្ថ​ដូច​ឪពុក និង​ដោយសារ​ខ្លួន បានចាប់កំណើត​ក្នុងសម័យ​ប្រទេសជាតិ​កំពុង​ជួបប្រទះ​បញ្ហា​សង្គ្រាមស៊ីវិល រឹតតែ​ជម្រុញ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​អាជីព ជា​កងកម្លាំងប្រដាប់អាវុធ ដែល​អាច​ចូលរួម​ស្វែងរក ក្ដី​សុខ សន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ តាំងពី​ពេលនោះ លោក​ក៏​សម្រេចចិត្ត​ប្តេជ្ញា​ថា​នឹង​ចាប់យក​ជំនាញ​កងរាជអាវុធហត្ថ​នេះ​ឲ្យ​បាន រហូត​សម្រេច​បំណង​ដូច​សព្វថ្ងៃនេះ​។​

​និយាយ​អំពី​ប្រវត្តិ​របស់លោក​វរសេនីយ៍ឯក សៀ ទីន គឺ​នៅ​ឆ្នាំ​២០០៨ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​កងរាជអាវុធហត្ថ ហើយ​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ នៅក្នុង​វគ្គ​នោះ លោក​បានដាក់​ពាក្យ​ប្រឡង​ទៅ​សិក្សា​នៅ នៅ​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ឆ្នាំ​។​

​ក្រៅ​អំពី​ការសិក្សា​ទ្រឹស្ដី​នៅ​សាលា លោក​ក៏ដូចជា​សិក្ខាកាម​ដ៏​ទៃ គឺ​តម្រូវអោយ​ចុះ​អនុវត្ត​ផ្ទាល់​តាមរយៈ​ការធ្វើ​សមយុទ្ធ​នានា ដែល​សាលា​បានរៀបចំ​ឡើង​អោយ​ដូចនឹង​សង្គ្រាម​ជាក់ស្ដែង ដោយ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូករួម​នឹង​ស្ថានភាព​អាកាសធាតុ ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង គឺ​សិក្ខាកាម​គ្រប់រូប​តម្រូវ​អោយ​បន្ត​សមយុទ្ធ​នោះ​រហូតដល់​ចប់ តែ​ជាក់ស្ដែង សិស្ស​ខ្លះ​ត្រូវបាន​បញ្ឈប់ ដោយសារ​កាយសម្បទា​ពួកគាត់​ទ្រាំទ្រ​ពុំរួច​ក្នុងការ​ហ្វឹកហាត់​សមយុទ្ធ​ទាំងនោះ​។ ដោយឡែក​ចំពោះ​លោក វរសេនីយ៍ឯក សៀ ទីន ដោយមាន​ការប្ដេជ្ញាចិត្ត តស៊ូ​មោះមុត និង​ដោយ​ខ្លួន​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​វគ្គ​សិក្សា បាន​ជម្រុញ​អោយ​រូបលោក​តស៊ូ​ជំនះ មិន​បោះបង់ចោល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន រហូត​ទទួលបាន​ជោគជ័យ​ដោយបាន​បញ្ចប់​ការសិក្សា នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី និង​ជា​បន្តបន្ទាប់​ឈានទៅដល់​ការបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុងប្រទេស​អូស្ត្រាលី ក៏ដូចជា​វគ្គ​បញ្ជាការ​សេនាធិការ នៅក្នុង​ប្រទេស​សឹង្ហ​បុរី ព្រមទាំង​បាន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​រៀន យកមក​ចូលរួម អភិវឌ្ឍន៍​អង្គភាព អភិវឌ្ឍ​ប្រទេសជាតិ និង​ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close