អង្ករ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២០ នាំចេញ​បាន​ជិត ៧០​ម៉ឺន​តោន

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ប្រមាណ ៦៩​ម៉ឺន​តោន ដែលមាន​តម្លៃ​ជិត ៥៣៩​លាន​ដុល្លារ​អាមេរិក​ កើនឡើង ១១,៤០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩។ ចំណែក​ការនាំចេញ​ស្រូវ​មាន​ប្រមាណ ២,៨៩​លាន​តោន ដែលមាន​តម្លៃ ៧២៣​លាន​ដុល្លារ​អាមេរិក ហើយ​ការនាំចេញ​ស្រូវ​ត្រូវបាន​ធ្វើឡើង​សម្រាប់​ប្រទេសជិតខាង ជាពិសេស ប្រទេស​វៀតណាម​។​

​ក្រុមហ៊ុន​កម្ពុជា​ចំនួន៧៦ បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៦០ ប្រទេស​នៅក្នុង​ឆ្នាំ​២០២០ ដោយ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​១ ជា​ប្រទេស​នាំចូល​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ជិត ២៩​ម៉ឺន​តោន​ស្មើ ៤១,៩​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​។ រីឯ​ទីផ្សារ​សហភាព​អឺរ៉ុប​ឈរ​នៅ​លំដាប់​ទី​២ ដោយមាន​បរិមាណ ២០​ម៉ឺន​តោន​ស្មើនឹង ២៩,៥០ ភាគយ​។​

​ជាមួយគ្នានេះ​ប្រទេស​៦ ក្នុង​តំបន់​អាស៊ាន ក៏បាន​នាំ​អង្ករ​ពី​កម្ពុជា ចំនួន ៨​ម៉ឺន ៦​ពាន់​តោន ដែល​ស្មើនឹង ១២,៥៨​ភាគរយ ហើយ​ក្រៅពីនោះ​មាន​ប្រទេស ២៩ ផ្សេងទៀត​នៅ​តំបន់​ផ្សេងៗ ក៏បាន​រួមចំណែក​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ១១​ម៉ឺន​តោន​ស្មើនឹង ១៦,០២​ភាគរយ​។​

​សូមបញ្ជាក់ថា បរិមាណ​ប្រមូល​ផល​ស្រូវ​សរុប​មាន​ចំនួន ១០,៩៣​លាន​តោន កាលពី​ឆ្នាំ​២០២០ នៃ​ផ្ទៃដី​ប្រមូល​សរុប​ចំនួន ៣,៤​លាន​ហិកតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close