អ៊ីរ៉ង់​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក រាប់ពាន់​គ្រឿង ក្នុងពេល​កំពុង​តានតឹង​ជាមួយ​អាមេរិក​

សារព័ត៌មាន CGTN នៅ​ថ្ងៃ​ពុធ ទី​០៦ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា អ៊ីរ៉ង់​បានបង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក «​ដ្រូ​ន​» ទ្រង់ទ្រាយ​ធំ​មួយ របស់​កងទ័ព​អ៉ី​រ៉ង់ បានចាប់ផ្ដើម​ហើយ​នៅក្នុង​ខេត្ត Semnan ភាគ​កណ្ដាល​ប្រទេស​អ៉ី​រ៉ង់ ។ សកម្មភាព​ខាងលើ​កើតឡើង បន្ទាប់ពី​ខួប​មួយឆ្នាំ នៃ​ការសម្លាប់​មេទ័ព​កំពូល​អ៉ី​រ៉ង់ លោក Qassem Soleimani ដោយ​យន្ដហោះ​ដ្រូ​ន​អាមេរិក ក្នុង​ទីក្រុង​បា​កដាដ ប្រទេស​អ៉ី​រ៉ា​ក់​។​

លោក Seyyed Mahmoud Mousavi ជា​អនុប្រធាន​ផ្នែក​ប្រតិបត្តិការ​កងទ័ព​អ៉ី​រ៉ង់ បានឱ្យដឹងថា យន្ដហោះ​ដ្រូ​ន​រាប់រយ​គ្រឿង មកពី​អង្គភាព​យោធា​អ៉ី​រ៉ង់ និង​ប្រព័ន្ធ​យន្ដហោះ ដ្រូ​ន​ផ្សេងគ្នា​ជាច្រើន បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ ដើម្បី​ពង្រឹងសមត្ថភាព​ស៊ើបការណ៍ និង​ការប្រយុទ្ធ​នៅក្នុង​សមរភូមិ​ពិតៗ​។ លោក បន្ថែមថា​យន្ដហោះ ដ្រូ​ន​ទាំងនេះ ក្នុងនោះ​រួមមាន យន្ដហោះ​ដ្រូ​ន​ប្រយុទ្ធ​បំពាក់​មី​ស៊ី​ល និង​គ្រាប់បែក ដែលមាន​សមត្ថភាព​វាយប្រហារ និង​កម្ទេច​គោលដៅ​នៅលើ​ដីគោក​។​

​គួរ​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យន្ដហោះ​ដ្រូ​ន​ទ្រង់ទ្រាយ​ធំ​មួយ របស់​កងទ័ព​អ៉ី​រ៉ង់ កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ខួប​មួយឆ្នាំ​នៃ​ការសម្លាប់​មេទ័ព​កំពូល​អ៉ី​រ៉ង់ លោក Qassem Soleimani ដោយ​យន្ដហោះ​ដ្រូ​ន​អាមេរិក ក្នុង​ទីក្រុង​បា​កដាដ ប្រទេស​អ៉ី​រ៉ា​ក់ កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ និង​ចំពេល​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៉ី​រ៉ង់ បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង​ជាថ្មី ក្រោយ​ទីក្រុង​តេ​ហេ​រ៉ង់ ចាប់ផ្ដើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដល់ ២០​ភាគរយ​។​

​សហរដ្ឋអាមេរិក បាន​ចាត់ទុកថា​ការបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដល់ ២០​ភាគរយ របស់​អ៉ី​រ៉ង់ គឺជា​ការគំរាមកំហែង​នុយក្លេអ៊ែរ ខណៈ​មាន​សេចក្ដីរាយការណ៍​ថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាប់បែក និង​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​។

លោក ត្រាំ ធ្លាប់បាន​បង្ហើប​ពី​គំនិត បើក​ការវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​អ៉ី​រ៉ង់ កាលពី​ចុងឆ្នាំ​២០២០ ហើយ​មកទល់នឹង​ពេលនេះ ក្រុមមន្ត្រី​អ៉ី​រ៉ង់ និង​អ្នកជំនាញ​ផ្នែក​យោធា នៅតែមាន​មានការ​ព្រួយបារម្ភ ដដែល ដោយ​ខ្លាច​លោក ត្រាំ បញ្ជា​ឱ្យ​យោធា​អាមេរិក វាយប្រហារ​លើ​អ៉ី​រ៉ង់​ដោយផ្ទាល់ មុននឹង​លោក​ចាក​ចេញពី​សេត​វិមាន នៅ​ថ្ងៃទី​២០ ខែមករា​នេះ ជា​ថ្ងៃ​ដែល​លោក ចូ បៃ​ដិ​ន ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close