ប្រទេសហុល្លង់ ក្លាយជាប្រទេសចុងក្រោយគេនៅអឺរ៉ុបចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង កូវីដ១៩

បច្ចុប្បន្នប្រទេស ហុល្លង់ កំពុងស្ថិតក្រោមវិធានការចាក់សោប្រទេសយ៉ាងរឹងរ៉ឹងរយៈពេល៥សប្តាហ៍ ដែលត្រូវបានដាក់ចេញនៅពេលករណីឆ្លងបានលោតឡើងយ៉ាងគំហុក នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ខណៈនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងរាលដាលបានបន្តថមថយមកវិញ ប៉ុន្តែ វិទ្យាស្ថានសុខភាពសាធារណៈ ហុល្លង់បាននិយាយថា នៅមិនទាន់មើលឃើញឥទ្ធិពលច្បាស់លាស់ ដែលវិធានការចាក់សោមានទៅលើ អត្រាឆ្លងរាតត្បាតនៅឡើយទេ។
សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៦ខែមករាបានផ្សាយថា ប្រទេស ហុល្លង់ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ក្នុងប្រទេសខ្លួន ដែលប្រការធ្វើឲ្យហូឡង់ក្លាយជាសមាជិកចុងក្រោយនៃសហភាពអឺរ៉ុប (EU) ដែលបានធ្វើយ៉ាងដូច្នោះ។
ការចាក់វ៉ាក់សាំង COVID-19 នៅហូឡង់ បានចាប់ផ្តើមជាមួយបុគ្គលិកនៅមណ្ឌលថែទាំ និងបុគ្គលិកជួរមុខនៅតាមមន្ទីរពេទ្យ។
បុគ្គលិកម្នាក់នៅមណ្ឌលថែទាំមួយកន្លែងឈ្មោះ សានណា អេលកាឌីរី (Sanna Elkadiri) បានក្លាយជាបុគ្គលដំបូងគេ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ដែលហូឡង់បានមកពីក្រុមហ៊ុន Pfizer-BioNTech នៅឯទីតាំងផ្តល់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងក្រុងវេហ្គ៊ែល (Veghel) ស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងអាមស្ទឺដាម (Amsterdam)។
ការចាប់ផ្តើមចាក់វ៉ាក់សាំងយឺតយ៉ាវជាងគេបែបនេះ ក្នុងចំណោមសមាជិក EU ក៏បានធ្វើឲ្យរដ្ឋាភិបាលហូឡង់រងការរិះគន់ធ្ងន់ៗផងដែរ ប៉ុន្តែនាយករដ្ឋមន្ត្រីហូឡង់លោក ម៉ាក រូត (Mark Rutte) បានលើកហេតុផលថា អាជ្ញាធរហូឡង់កន្លងមកបានផ្តោតការត្រៀមលក្ខណៈសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឯណោះទេ ព្រោះយល់ថា វាជាវ៉ាក់សាំងដែលងាយស្រួលចាត់ចែងទុកដាក់ជាងវ៉ាក់សាំងរបស់ Pfizer។ យ៉ាងណាមិញ មកទល់ពេលនេះ វ៉ាក់សាំងរបស់ AstraZeneca មិនទាន់ទទួលបានការអនុញ្ញាតពី EU ឡើយ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាពដ៏ត្រជាក់ខ្លាំងនោះ គឺជាវ៉ាក់សាំង COVID-19 តែមួយគត់ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយ ទីភ្នាក់ងារស្តង់ដាឱសថរបស់សហភាពអឺរ៉ុប ដែលឥឡូវកំពុងពិចារណាផ្តល់ការអនុញ្ញាតលើវ៉ាក់សាំង COVID-19 មួយទៀត គឺរបស់ក្រុមហ៊ុន Moderna។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។