កម្ពុជា បន្ត​រកឃើញ​ពលករ​ខ្មែរ​២​នាក់​ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​ពលករ​ខ្មែរ ចំនួន​២​នាក់​ថែមទៀត ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះ នៅថ្ងៃនេះ​ក្រសួង​ក៏បាន​ប្រកាសថា មិនមាន​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩​នេះ​ទេ​។​

​ពលករ​ខ្មែរ​ដែល​ឆ្លង​កូ​វីដ​១៩​ថ្មី​នេះ​រួមមាន​៖

១៖ បុរស​ជនជាតិខ្មែរ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​

២៖ បុរស​ជនជាតិខ្មែរ អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៣៨៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៣៦២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close