បាតុកម្មថៃ កើតមានជាថ្មី ទោះកំពុងផ្ទុះជំងឺកូវីដ១៩

ប្រទេសថៃ៖ បើទោះបីជាថៃកំពុងផ្ទុះរាលដាលនៃជំងឺកូវីដ១៩ រលកថ្មីធ្ងន់ធ្ងរក៏ដោយ ក្រុមបាតុករបានរៀបចំគម្រោងធ្វើបាតុកម្មនៅស្ថានីយ៍នគរបាល Thung Mahamek ដើម្បីបង្ហាញពីការគាំទ្រដល់មេដឹកនាំរបស់ខ្លូន១៣នាក់ដែលត្រូវបានតុលាការសម្រេចចោទប្រកាន់ ទាក់ទងនឹងញត្តិប្រគល់ជូនស្ថានទូតអាល្លឺម៉ង់ ដើម្បីស៊ើបអង្កេតលើព្រះមហាក្សត្រថៃ ថាតើព្រះអង្គបានដឹកនាំប្រទេសថៃពីប្រទេសអាល្លឺម៉ង់ឬយ៉ាងណា។

ក្រុមបាតុករបានប្រកាសតាមបណ្តាញសង្គមហ្វេសបុក កាលពីម្សិលមិញថា ថ្ងៃទី៧ មករា នេះមេដឹកនាំទាំង១៣នាក់នេះនឹងជួបជាមួយព្រះរាជអាជ្ញារ នៅស្ថានីយ៍នគរបាល។ ដូច្នេះពួកគេនឹងរៀបចំការប្រមូលផ្តុំគ្នា នៅពេលនោះ ដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំទាំងនោះ។ មេដឹកនាំបាតុករទាំង១៣នាក់ត្រូវបានចោទប្រកាន់ពីបទបំពានលើច្បាប់ប្រមាថព្រះមហាក្សត្រថៃ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ១៥ឆ្នាំ។
អាជ្ញាធរសុខាភិបាលថៃ កាលពីថ្ងៃពុធ ទី៦ មករា ២០២១ បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៣៦៥នាក់ ធ្វើឱ្យអ្នកឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ៩,៣៣១នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។