ស្រវឹងស្រា កាប់មនុស្ស៣នាក់របួសធ្ងន់ ដោយសារខឹងប្រពន្ធគេជេរប្តី មិនឲ្យផឹកស៊ីជាមួយ នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុកកៀនស្វាយ បានចាប់ខ្លួនជនសង្ស័យម្នាក់ នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ពាកព័ន្ធករណីបទល្មើសប៉ុនប៉ុងឃាតកម្មកាប់ជនរងគ្រោះចំនួន ៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់។

នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ខាងលើ ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ៣២ឆ្នាំ (រងរបួសធ្ងន់) ,ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ១៣ឆ្នាំ (រងរបួសធ្ងន់) និងឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ៨ឆ្នាំ (រងរបួសធ្ងន់)។ ទាំង៣នាក់ រស់នៅភូមិរទាំងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯជនសង្ស័យឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពថា មុនពេលកើតហេតុ ជនសង្ស័យ បានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោះ ផាន ភក្តី អាយុ៣៨ឆ្នាំ លុះពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូទៅទិញស្រា និងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូន មានរងរបួសស្នាមពេញខ្លួនតែម្តង។
ករណីនេះ ដោយសារជនសង្ស័យ កំពុងផឹកស្រាជាមួយប្ដីជនរងគ្រោះ តែជនរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រាជាមួយជនសង្ស័យ លុះពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមបាត់ ជនសង្ស័យធ្វើសកម្មភាពកាប់ជនរងគ្រោះទាំង ៣នាក់តែម្តង រួចក៏រត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។