ក្រសួងទេសចរណ៍ មាន​យុទ្ធសាស្ត្រ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្នុងដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម​ណ្ឌិ​ត ថោង ខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ជំនាញ ដោយ​រិះរក​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុងដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។ ​អង្គប្រជុំ​បានប្រកាស​អំ​ពី​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព និង​ភារកិច្ច​អនុ​ក្រុមការងារ ដើម្បី​ជំរុញ និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជំហាន​ទី​១ ចំណុះឱ្យ​ក្រុមការងារ​ជំរុញ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​បន្ទាប់ពី​បាន​ស្តាប់​បទ​បង្ហាញ​របស់​អគ្គនាយក​ដ្ឋា​ន និង​នាយកដ្ឋាន​ជំនាញ​រួចមក អង្គ​ប្រជុំបាន​ពិភាក្សា និង​ទទួលបាន​អនុសាសន៍​គន្លឹះ​មួយចំនួន​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន និង​ថ្នាក់ដឹកនាំ ដោយ​ផ្ដោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន ៣ រួមមាន​៖
* ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​
* ប្រកាស​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​គោលការណ៍​ណែនាំ សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នៅតាម​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​កម្ពុជា​។​
* បច្ចុប្បន្នភាព​នៃ​ការងារ​រៀបចំ Travel Bubble​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ខិតខំ​ប្រែក្លាយ​បញ្ហា​ប្រឈម​នានា​ឱ្យទៅជា​ឱកាស​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ តាមរយៈ​ផែនទី​ចង្អុល​ផ្លូវ​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ផែនការ​ត្រៀម​រៀបចំ​កញ្ចប់​ទស្សនកិច្ច Travel Bubble ជាមួយ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ និង​ជាមួយ​ចិន ជប៉ុន កូរ៉េ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close