សម្ដេច​ក្រឡាហោម បើក​កិច្ចប្រជុំ​ពិភាក្សា​កែសម្រួល​លក្ខណៈសម្បត្តិ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណៈសម្បត្តិ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​។​

​យោងតាម​សេចក្ដីព្រាង គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព បានកំណត់​លក្ខណសម្បត្តិ​៨​យ៉ាង ដូចខាងក្រោម​៖
១. គ្មាន​បទល្មើស​គ្រប់​ប្រភេទ ពិសេស​សកម្មភាព​លួច ឆក់ ប្លន់​។
២. គ្មាន​បទល្មើស​គ្រឿងញៀន​។
៣. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើង​។
៤. មាន​អនាម័យ មាន​សោ​ភណ្ឌ​ភាពល្អ និង​បរិស្ថាន​ល្អ​។
៥. ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ ករណី​ប្រធាន​សក្ដិ និង​រាល់​ជ​ម្អឺ​ឆ្លង​រាតត្បាត​កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​។
៦. ផ្ដល់​សេវា​រដ្ឋបាល និង​សេវាសាធារណៈ​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​។
៧. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។
៨. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ការលើក​កម្រិត​ចេញ​ជា​គោលនយោបាយ​នេះ គឺ​ដោយសារ​មាន​សំណូមពរ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដូច្នេះ​ការងារ​នេះ​ត្រូវតែ​ធ្វើ​ឡើងជា​សមូហភាព ដោយមាន​ស្ថាប័ន​ទាំងអស់​ចូលរួម ដើម្បី​បាញ់​ឆ្ពោះទៅ​មូលដ្ឋាន ។

​សម្ដេច​បន្តថា​ពេលនេះ​យើង​សរសេរ​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ហើយ​ការ​ថែម​សង្កាត់​នេះ គឺ​ដោយសារ​បណ្ដា​ក្រុង​តាម​ខេត្ត​ក៏មាន​សង្កាត់​ដែរ ម្យ៉ាង​នៅ​រាជធានី​ភ្នំពេញ​ក៏មាន​សង្កាត់​ដូចគ្នា​ដែរ​។ សម្ដេច​បន្តថា​គោលនយោបាយ​នេះ បាន​សរសេរ​ច្បាស់ៗ គ្មាន​ពាក្យ​បង្ការ លុបបំបាត់ ឬ​កាត់បន្ថយ​អ្វី​ទេ ។

​សម្ដេច​បាន​ពន្យល់​ទៀតថា ការដាក់​ច្បាស់ៗ​នូវ​អ្វីដែល​ចង់បាន​ក្នុង​គោលនយោបាយ​នេះ គឺ​ដើម្បី​បញ្ចប់​ភាពស្រពិចស្រពិល ដូច្នេះ​គោលនយោបាយ​កែសម្រួល​នេះ បាន​កំណត់ឱ្យ​ច្បាស់​តែម្ដង ដូចជា​ពាក្យ​គ្មាន​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​លួច​ឆក់​ប្លន់ ឬ​គ្មាន​បទល្មើស​គ្រឿងញៀន​ជាដើម ដោយមាន​ផ្នែក​បន្ទាប់​ពន្យល់​យ៉ាង​លម្អិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close