ថ្ងៃនេះ​! កម្ពុជា បន្ត​រកឃើញ​ពលករ​ខ្មែរ​ម្នាក់ទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ខណៈ​អ្នកជំងឺ​៣​នាក់​ជាសះស្បើយ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ម្នាក់​ថែមទៀត ឆ្លង​ជំងឺ​កូ​វីដ​១៩ ខណៈ​អ្នកជំងឺ​ចំនួន​០៣​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រសួង បញ្ជាក់ថា ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ មកពី​ប្រទេស​ថៃ​ឆ្លង​កូ​វីដ​១៩ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

​ចំពោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ០៣​នាក់​រួមមាន​៖

១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៥៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត រាជធានី​ភ្នំពេញ ជា​ភរិយា​របស់​អគ្គនាយក​ពន្ធ​ធនាគារ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

២៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង​ស្រុក​កម្រៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។​

៣៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង​ស្រុក​កម្រៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។​

​សូម​កត់សម្គាល់ថា​៖ ស្ត្រី​ទាំង​០២​នាក់ ខាងលើនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៣៩២​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន​៣៧៤​នាក់ និង​១៨​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close