អាមេរិកសម្រេចដាក់ទណ្ឌកម្មនាយឧត្តមសេនីយ៍ ហីុង ប៊ុនហៀង
ភ្នំពេញ ៖ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ ហីុង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបានវាយប្រហារលើជនរងគ្រោះជាច្រើនក្នុងនោះមានពលរដ្ឋអាមេរិកម្នាក់ផងដែរ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសរបស់ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក (គឺច្បាប់ Global Manage ski ដែលលោកប្រធានាធិតី ចុះហត្ថលេខាបន្ថែមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧) បានសរសរថា លោក ហីុង ប៊ុនហៀង និងបញ្ជាការដ្ឋានអង្គរក្សមានជាប់ព័ន្ធនឹងឧបទ្ទវហេតុជាច្រើនដែលក្រុមយោធាបានប្រើប្រាស់ដើម្បីគំរាមកំហែងបាតុករនិងគណបក្សប្រឆាំង តាំងពីឆ្នាំ១៩៩៧មក ក្នុងនោះមានការគប់គ្រាប់បែក ពលរដ្ឋអាមេរិកម្នាក់បណ្ដាលអោយរងរបួស។
សេចក្តីប្រកាសរបស់ក្រសួងដដែលនេះបានបញ្ជាក់បន្ថែមទៀតថា បញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការវ៉ៃប្រហារជាច្រើនមកលើពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ក្នុងនោះមានការវ៉ៃប្រហារនៅជិតវត្តឆ្នាំ២០១៣ និងឆ្នាំ២០១៥ នៅរដ្ឋសភាជាតិកម្ពុជា គឺការវ៉ៃសមាជិកសភាគណបក្សប្រឆាំង លោក គង់ សុភា និង លោក ញយ ចំរើន ។
សេចក្តីប្រកាសនេះបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាផ្នែកមួយ នៃការធ្វើយុទ្ធនាការដើម្បីឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន ចេះទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយនានា។ ជនណាដែលទទួលទណ្ឌកម្មនេះ ទ្រព្យសម្បត្តិរបស់បុគ្គលនេះនៅអាមេរិកត្រូវបង្កកមិនឲ្យដាក់ដូរអ្វីទាំងអស់ ហើយក៏ហាមប្រជាពលរដ្ឋអាមេរិកកាំងមិនឲ្យទាក់ទងជាមួយទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។