ទីបំផុត ចិន​អនុញ្ញាត​ឲ្យ គណៈប្រតិភូ​របស់​WHO​ចូលទៅ​ប្រទេស​ចិន​

​ក្រោយ​រឿងរ៉ាវ​ជាច្រើន ចិន​បានសម្រេច អនុញ្ញាត​ឲ្យ​ក្រុម​អ្នកជំនាញ​កូ​វីដ​-១៩ របស់​អង្គការ WHO នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន នា​ថ្ងៃទី​១៤ ខែមករា​, នេះ​បើតាម​ការបញ្ជាក់​ពី​ទីក្រុង​ប៉េកាំង​។​

​តាម​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ក្រុមមន្ត្រី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថ្ងៃ​ចន្ទ​នេះ បាន​ឲ្យ​ដឹងថា ក្រុម​អ្នកជំនាញ COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក WHO នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។​

​អាជ្ញាធរ​ជាតិ​សុខាភិបាល​របស់​ចិន បានប្រកាសថា ក្រុម​អ្នកជំនាញ​អន្តរជាតិ​របស់​អង្គការ WHO ដែលមាន​ភារកិច្ច​បើក​ការស្រាវជ្រាវ​អំពី​ប្រភពដើម​ដំបូង នៃ​ការ​ផ្ទុះឡើង​នូវ​វិបត្តិ​ជំងឺ​រាតត្បាត​ជាស​កល​គឺ COVID-19 នឹងធ្វើ​ដំណើរ​ទៅដល់​ក្នុងប្រទេស​ចិន នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។​

​ពីដំបូង​ឡើយ​ក្រុម​អ្នកជំនាញ​ខាងលើ បានដាក់​គោលដៅ​ថា​នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន កាលពី​អំឡុង​ដើមខែ​មករា​នេះ ដើម្បី​ចាប់ផ្តើម​ការងារ​ស៉ើ​ប​អង្កេត​របស់​ពួកគេ ក៏ប៉ុន្តែ​គម្រោង​ដំណើរ​ទស្សនកិច្ច ត្រូវបាន​ពន្យារពេល​ដោយសារ ខ្វះខាត​ការអនុញ្ញាត​ពី​ទីក្រុង​ប៉េកាំង ដើម្បី​ចូលទៅ​កាន់​ប្រទេស​ចិន​។​

​គួរ​ជម្រាប​ថា វិបត្តិ​ជំងឺ COVID-19 បាន​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន (Wuhan) នៃ​ខេត្ត​ហ៊ូ​ប៉ី (Hubei) ភាគ​កណ្តាល​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close