អេស្ប៉ាញបណ្តេញគ្រូបង្វឹកនឹងជ្រេីសរេីសគ្រូបង្វឹកថ្មីមុនបើក World Cup ១ថ្ងៃ
កីឡា ៖ លោក Julen Lopetegui ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ តាមរយៈការបណ្តេញពីតំណែងគ្រូបង្វឹក មួយថ្ងៃមុនការបើកព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី និងពីរថ្ងៃមុនពេលដែលពួកគេត្រូវតទល់ជាមួយព័រទុយហ្គាល់សម្រាប់ជំនួបក្នុងពូល B។លោក Luis Rubiales ប្រធានសហព័ន្ធបាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំនៅទីនេះ ដើម្បីនិយាយថា យើងបង្ខំចិត្តបណ្តេញគ្រូបង្វឹកពីតំណែង»។ លោក Julen Lopetegui បានធ្វើសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ អន់ចិត្តយ៉ាងខ្លាំង បន្ទាប់លោកត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកក្លិប Real Madrid កាលពីថ្ងៃអង្គារ ខណៈដែលលោកកំពុងមានភារកិច្ចដឹកនាំក្រុមជម្រើសជាតិនៅ World Cup។
ទន្ទឹមនឹងនោះ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានតែងតាំងអតីតខ្សែការពារក្រុមជម្រើសជាតិ លោក Fernando Hierro ជាគ្រូបង្វឹកថ្មីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី ក្នុងថ្ងៃដដែលនេះផងដែរ។
នៅមុនកាន់កាប់បន្ទុកដ៏ធ្ងន់នេះ លោក Hierro មានតួនាទីនាយកកីឡារបស់ក្រុមជម្រើសជាតិអេស្ប៉ាញ។ លោក Hierro អាយុ៥០ឆ្នាំ ដែលជាអតីតខ្សែការពារក្លិប Real Madrid និង Bolton Wanderers ផងដែរនោះ មានពេលវេលាដ៏ប្រកៀកបំផុតក្នុងការដឹកនាំក្រុម ខណៈពួកគេត្រូវប៉ះជាមួយជើងឯកអឺរ៉ុប ព័រទុយហ្គាល់នាថ្ងៃសុក្រ សម្រាប់ជំនួបដំបូងក្នុងពូល B៕![]()
លោក Fernando Hierro ជាគ្រូបង្វឹកថ្មីរបស់ក្រុមអេស្ប៉ាញ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។