ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​វេទិកា “​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១”

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​អង្គប្រជុំ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ លេខាធិការដ្ឋាន និង​ក្រុមការងារ​សម្រាប់​ត្រៀម​រៀបចំ​វេទិកា “​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១” ។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អម​មួយ​ក្នុង​ក្នុងចំណោម​វេទិកា​ទាំង​៧ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) ហើយ​កិច្ចប្រជុំ​កំពូល​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្ដិការ​រ​វាង​តំបន់ និង​តំបន់ ដែល​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បន្ដថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ជា​វេទិកា​សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វីបអាស៊ី​និង​អឺរ៉ុប ដែល​ផ្តោតលើ​ការពង្រឹង​ភាពជា​ដៃគូ​ជំរុញឱ្យមាន​សន្តិភាព និង​សន្តិសុខ និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​។ លើសពីនេះ​កិច្ចប្រជុំ​នេះ មាន​វិសាលភាព​គ្របដណ្តប់​លើ​ទិដ្ឋភាព​នយោបាយ និង​សន្តិសុខ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទិដ្ឋភាព​វប្បធម៌​-​សង្គម ហើយ​យន្តការ​នេះ​ក៏​ជា​វេទិកា​ដ៏​ល្អប្រសើរ​សម្រាប់​ថ្នាក់ដឹកនាំ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា​ផងដែរ​។​

​ជា​កិច្ចបញ្ចប់ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចខិតខំ​ប្រឹង​របស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី នៅក្នុង​គណៈកម្មការ លេខាធិការដ្ឋាន ព្រមទាំង​ក្រុមការងារ និង​តំណាង​មកពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​ខិតខំ​ចំណាយ​ពេលវេលា​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ដើម្បី​ត្រៀម​រៀបចំ​វេទិកា​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ និង​ផ្លែផ្កា នៅពេល​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close