ជំនួញឈើទៅកាន់ប្រទេសវៀតណាមតាមច្រកដាក់ដាំ ចាប់ផ្តើមឡើងវិញ ក្រោមការឃុបឃិតជាប្រព័ន្ធ
បើតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរីបានឲ្យដឹងថា ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈធំ ឥឡូវនេះ ការដឹកជញ្ជូនឈើបានចាប់ផ្តើមឡើងវិញហើយ។
សេចក្តីរាយការណ៍ថា ជារៀងរាល់យប់ ឈើត្រូវគេដឹកចេញទៅកាន់ប្រទេសវៀតណាមតាមច្រករបៀង ដាក់ដាំ ដោយមានមេប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រក គឺលោក យូ សុធា ជាអ្នកបើកបារ៉ាស់ អនុញ្ញាតឲ្យរថយន្តដឹកឈើចេញទៅប្រទេសវៀតណាម។
តាមប្រភពពីមន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ មួយចំនួនថា ខណៈដែលមជ្ឈដ្ឋានទូទៅកំពុងភ្លេចខ្លួន ហើយកំពុងចាប់អារម្មណ៍នឹងជំងឺកូវីដ១៩នោះ ឈ្មួញក៏កំពុងសម្រុកដឹកឈើចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ យ៉ាងគគ្រឹកគគ្រេង ហើយលោក យូ សុធា មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វានេះក៏កំពុងសប្បាយប្រមូលលុយផងដែរ។
ជាមួយគ្នានេះដែរ បើតាមមន្ត្រីនគរបាលមួយចំនួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំនេះ គឺធ្លាប់ល្បីល្បាញខាងឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយូរឆ្នាំមកដោយគ្មានក្រសួង និងស្ថាប័នពាក់ព័ន្ធណាចាប់បានទេ ដោយតាំងពីជំនាន់លោក អ៊ុក សំណាង នៅធ្វើជាស្នងការនគរបាលខេត្តមណ្ឌលគិរី រហូតដល់សម័យលោក ឡោ សុខា មកកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី គឺ លោក យូ សុធា នៅតែមានអំណាចយ៉ាងធំធេង ក្នុងការឃុបគិត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុកដដែល។
ពាក់ព័ន្ធនឹងករណីនេះ យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក យូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំបានទេនៅថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។