ឯកឧត្តម វេ​ង សាខុន និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ចុះ​ចែក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ ១០​គ្រឿង ជូន​ប្រជាកសិករ នៅ​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​កសិក​ម្ម សហការ​ជាមួយ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ហៅ​កាត់​ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានរៀបចំ​ពិធី​ចែក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Seeder) ចំនួន ១០​គ្រឿង​ជូន​ដល់​សហគមន៍​កសិកម្ម ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ប៉ន សុ​ភី អភិបាលរង​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ភ្ញៀវ​ជាតិ អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​បាន​ចូលរួម​។​

​លោកជំទាវ​អភិបាលរង​ខេត្ត មាន​ចំណាប់អារម្មណ៍​ចំពោះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម នៅ​ទូទាំង​ខេត្ត និង​ជាពិសេស​ដំណាំ​ស្រូវ និង​គ្រោះធម្មជាតិ​ទឹកជំនន់​កន្លងមក​។ ទទួលបាន​ការជួយឧបត្ថម្ភ​ជា​គ្រាប់ពូជ​ស្រូវ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយ​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង បងប្អូន​ប្រជាកសិករ​បាន យក​គ្រាប់​ពូជស្រូវ​ទៅ​ស្តារ​ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​សម្រេចបាន​ចំនួន​១ ៧៩២​ហ​.​ត ស្នើ​នឹង ១០០%​។

​តាមរយ​:​ជំនួយ​នេះ លោកជំទាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ចាប់អារម្មណ៍​អំពី​ជំនួយ​នាពេលនេះ ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​ស្តារឡើងវិញ​ផលិតកម្ម​ស្រូវ​ទាំង ១៩​ខេត្ត​ទូទាំងប្រទេស​ដែល​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ដើម្បី​ចូលរួម​លើកកម្ពស់​សន្តិ សុខ​ស្បៀង​ក្នុងខណ​:​ដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺឆ្លង​កូ​វីដ​-១៩​។

​ឯកឧត្តម​ឯកអគ្គរាជទូត ក៏បាន​រំលេច​ជូន​អង្គពិធី​ឲ្យ​បានឃើញ​អំពី​កម្មវិធី CAVAC ដែល​បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ និង​ជា​ដៃគូ​ចាំបាច់​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​ចូលរួមចំណែក​ជំរុញ​ផលិតភាព​ផលិតកម្ម​ស្បៀង​តាមរយ​:​ការលើកកម្ពស់​គុណភាព​គ្រាប់ពូជ​ដំណាំ ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការកែលម្អ​ខ្សែ​ច្រវាក់​តម្លៃ ការផ្តល់​ធាតុ​ចូល​កសិកម្ម និង​ទីផ្សារ​កសិផល និង​ការកែលម្អ​ប្រព័ន្ធ​ស្រោចស្រព ក្នុង​គោល បំណង​បង្កើន​ផលិតភាព និង​ប្រាក់ចំណូល​របស់​គ្រួសារ​កសិករ​ខ្នាតតូច និង​ពាណិជ្ជកម្ម​ស្រូវ​-​អង្ករ ដំណាំ​ផ្សេងៗ និង​ពង្រឹង​ប្រព័ន្ធ​ទីផ្សារ ហើយ​ថ្ងៃនេះ​ជួយឧបត្ថម្ភ​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម តាមរយ​:​គម្រោង​កម្មវិធី ការស្រាវជ្រាវ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​ថ្ងៃនេះ ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ចំនួន ១០​គ្រឿង​បន្ថែមទៀត (២០​គ្រឿង​បាន​ចែកជូន​សហគមន៍​កសិក​ម្ម​នៅ​ខេត្តកំពង់ធំ​រួចហើយ​) ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​នាំយកមក​ចែកជូន​សហ​គម​ន៍​កសិកម្ម ដើម្បី​រួមចំណែក​ព​ន្លឿ​ន​ការងារ​ដាំ​ដុះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ កាត់បន្ថយ​ពលកម្ម​មនុស្ស ចំណេញ​ពេល និង​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close