ពិភពលោក​មាន​ពលរ​ដ្ឋ​ជិត ៩២​លាន​នាក់​ឆ្លង​កូ​វីដ​១៩

​បើទោះបី​មាន​ប្រទេស​ជាច្រើន​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ពលរដ្ឋ​ជាច្រើន​ហើយ​ក្តី ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​នៅតែ​មិន​ថយចុះ​នោះឡើយ នៅតែមាន​ករណី​ឆ្លង​ច្រើន​ដដែល​។​ ​តាម​តួលេខ​របស់​គេហទំព័រ Worldometers នៅ​ថ្ងៃទី​១៣​ខែមករា បាន​ផ្សាយ​ថា នៅ​ទូទាំង​ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ទៅ 91.988.471 នាក់ និង​ស្លាប់​កើនឡើង 1.968.622 នាក់ ។ ជាមួយគ្នា​នោះដែរ ក៏មាន​អ្នកជំងឺ ៦៥,៨​លាន​នាក់​បានជា​សះស្បើយ​។​

​តំបន់​អាមេរិក ខាងជើង មាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ ដោយមាន​អ្នក​ឆ្លង​សរុប ២៦,៦​លាន​នាក់ ។ ផ្ទុយទៅវិញ​តំបន់​អឺរ៉ុប មាន​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ ដោយមាន​អ្នកស្លាប់ ដល់​ទៅ 600.303 នាក់ ។ ចំណែក​ទ្វីបអាស៊ី ឈរ​លំដាប់​ទី​បី មាន​អ្នក​ឆ្លង​ជាង​២១,៦​លាន​នាក់ និង​ស្លាប់​350.805 នាក់​។ តំបន់​អាមេរិក ខាងត្បូង មាន​អ្នក​ឆ្លង ១៤,១​លាន​នាក់ ស្លាប់​379.709 នាក់​។ ជាមួយគ្នានេះដែរ​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ទ្វីបអាហ្វ្រិក និង អូ​សេ​អា​នី ក៏មាន​ចំនួន​អ្នក​ឆ្លង​កើនឡើង​ផងដែរ​។​

​នៅ​តំបន់​អាមេរិក​ខាងជើង សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង ដល់​ទៅ​23.368.225 នាក់ និង​ស្លាប់ 389.599 នាក់​។ រដ្ឋាភិបាល​របស់លោក​ត្រាំ នឹង​ចេញ​ច្បាប់​ស្នើ​ដល់ ជនបរទេស​ទៅកាន់​អាមេរិក​ត្រូវតែ​ធ្វើតេស្ត​អវិជ្ជមាន ជាមុនសិន ច្បាប់​ថ្មី​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០២១​។​ ​នៅក្នុង​តំបន់​អឺរ៉ុប រុស្ស៊ី​ជា​ប្រទេស​ដែល មាន​ករណី​ឆ្លង​ច្រើនជាងគេបង្អស់ ដោយមាន​អ្នក​ឆ្លង កើនឡើង​ដល់ 3.448.203 នាក់ ។ ចំណែក​អង់គ្លេស​មាន​អ្នក​ឆ្លង​ជាង​៣,១​លាន​នាក់ ។ ប្រទេស​ដែលមាន​ករណី​ឆ្លង​កូ​វីដ​១៩ លើសពី​១​លាន​នាក់​ភាគច្រើន​ស្ថិតនៅ​តំបន់​អឺរ៉ុប ។​

​នៅ​ទ្វីបអាស៊ី ឥណ្ឌា​មាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​អ្នក​ឆ្លង​សរុប​10.495.816 នាក់ និង​ស្លាប់​151.564​នាក់​។ ចំណែក​នៅក្នុង​តំបន់​អាស៊ាន​វិញ ប្រទេស​ឥណ្ឌូនេស៊ី ឈរ​លំដាប់​ទី​១ មាន​អ្នក​ឆ្លង ច្រើនជាងគេ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close