រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់ថែមទៀត តែក៏មានអ្នកជាសះស្បើយម្នាក់ដែរ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ថែមទៀត ដែលក្នុងនោះមាន៨នាក់ ជាពលករខ្មែរ ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និង៥នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស តែក៏មានអ្នកព្យាបាលជាសះស្បើយម្នាក់ផងដែរ។
ក្រសួង បញ្ជាក់ទៀតថា អ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ទាំង១៣នាក់ រួមមាន៖
ពលករខ្មែចំនួន ៨នាក់ ដែលទើបត្រលប់មកពីប្រទេសថៃ។ ហើយ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង៨នាក់នេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ចំណែក ៥នាក់ទៀត ជាអ្នកធ្វើដំណើរមកក្រៅប្រទេស ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំងនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ដោយឡែកសម្រាប់អ្នកជាសះស្បើយម្នាក់ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤១១នាក់ ក្នុងនោះមានអ្នកជំងឺ៣៧៧នាក់បានជាសះស្បើយ និងអ្នកជំងឺ៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។