​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប សម្រេចបាន​ជាង ១៤​ភាគរយ​ហើយ

​ខេត្តសៀមរាប​៖ “​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប សម្រេចបាន ១៤.២៧% (​ដែល​រួមបញ្ចូល​ការងារ​សាងសង់​រួច និង​សម្ភារៈ​ដែល​បាន​បញ្ជូន​ដល់​ការដ្ឋាន​) ជា​វឌ្ឍនភាព​គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១”​។

​នេះ​ជា​ខ្លឹមសារ នៃ​កិច្ចប្រជុំ​ចង្អៀត ដើម្បី​ពិភាក្សា​លទ្ធផល​ការងារ​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន គណៈកម្មការ​អន្តរក្រសួង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​។​

​ជា​ជំហាន​បន្ទាប់ គណៈកម្មការ​អន្តរក្រសួង នឹងធ្វើ​ការបន្ត​ការត្រួតពិនិត្យ​តាមដាន​ការងារ ព្រមទាំង​ធ្វើការ​ដោះស្រាយ​កែតម្រូវ​ចំណុច​ខ្វះចន្លោះ ដើម្បី​ធានាថា ការស្ថាបនា នឹង​ពិត​ជាមាន​គុណភាព​តាម​បទ​ដ្ឋា​បច្ចេកទេស​ផ្លូវថ្នល់ និង​សៀវភៅ​បន្ទុក ព្រមទាំង​ជំរុញ​ដោះស្រាយ​នូវ​ផលប៉ះពាល់​ដែល​នៅ​សេសសល់​មួយចំនួន​តូច​ឱ្យបាន​ចង់​សព្វគ្រប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close