ឆ្នាំ២០២០ ការនាំចេញផលនេសាទជាង ២ពាន់តោន ធ្លាក់ចុះជាងឆ្នាំមុន
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២០ កម្ពុជានាំចេញផលនេសាទស្រស់ និងផលនេសាទកែច្នៃ ដែលសរុបបានជាង២ពាន់តោន ធ្លាក់ចុះជាង១ម៉ឺនតោនបើធៀបនឹងឆ្នាំ២០១៩។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា នៅឆ្នាំ២០២០ ការនាំចេញផលនេសាទស្រស់សម្រេចបានចំនួន ១,៩៤៥តោន បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ថយចុះចំនួន ៧,២៤៥តោន។ ចំណែកការផលនេសាទកែច្នៃបានចំនួន ២៣៤តោនធៀបរយៈពេលដូចគ្នាក្នុង២០១៩ ថយចុះចំនួន ៤,៦៧៦តោន។
របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់ឆ្នាំ២០២០ សំណុំរឿងបទល្មើសជលផលមានចំនួន ២,៦៨៧ករណី បើប្រៀបធៀបឆ្នាំ២០១៩ ថយចុះចំនួន ៤១៤ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ២,៤៧៩ករណី និងសមុទ្រមានចំនួន ២០៨ករណី។
សូមជម្រាបថា នៅឆ្នាំ២០២០ តម្លៃសរុបនៃផលិតផលនេសាទមានចំនួន ១ ៨៧២ ៦០០ ០០០ ដុល្លារអាមេរិក និងតម្លៃសរុបនៃការនាំចេញផលិតផលជលផលមាន ចំនួន ៨ ៣៣៤ ០០០ ដុល្លារអាមេរិក។ បរិមាណជលផល ដែលសម្រេចបាននៅឆ្នាំ២០២០រួមមាន៖ ផលិតផលទឹកសាប ចំនួន ៤១៣ ២០០ តោន, ផលនេសាទសមុទ្រ ចំនួន ១២២ ៧០០ តោន, ផលវារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។