World Cup ៖ ក្រុមម្ចាស់ផ្ទះរុស្សីុលត់ក្រុមភ្ញៀវអារ៉ាប៊ីសាអូឌីតយ៉ាងចាស់ដៃ
កីឡា ៖ ការប្រកួតបើកឆាកពានរង្វាន់កីឡាបាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ២០១៨ នៅកីឡដ្ឋាន Luzhniki Stadium ក្រុមម្ចាស់ផ្ទះរុស្ស៊ី បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផលរហូតដល់ទៅ ៥ ទល់នឹង ០ លើក្រុមអារ៉ាប៊ីសាអូឌីត ដែលជាក្រុមភ្ញៀវ ក្នុងជំនួបពូល A។
បន្ទាប់ពីការប្រកួតដំណើរការបាន១២នាទី កីឡាករ Yuri Gazinskiy បានតែតបាល់បញ្ចូលទីគ្រាប់ដំបូងប្រចាំព្រឹត្តិការណ៍ FIFA World Cup នេះ ក្រោយការបញ្ជូនបាល់របស់កីឡាករ Aleksandr Golovin។ សម្រាប់គ្រាប់ទីពីរ រកបាននៅនាទីទី ៤៣ ដោយកីឡាករ Denis Cheryshev ដែលបានចូលលេងជំនួស Alan Dzagoev មុនបញ្ចប់តង់ទីមួយ។ ឈានដល់នាទី៧១ កីឡាករ Artem Dzyuba រកបានមួយគ្រាប់ភ្លាមៗ ក្រោយវត្តមាននៅលើទីលានបានត្រឹមតែ១នាទីតែប៉ុណ្ណោះ។
អ្វីដែលភ្ញាក់ផ្អេីលបំផុត ក្រុមរុស្ស៊ីរកបាន២គ្រាប់ទៀតបន្ថែមទៀតនៅក្នុងនាទីបន្ថែមដោយ កីឡាករ Cheryshev សម្រាប់គ្រាប់ទីពីររបស់ខ្លួន នឹងកីឡាករ Aleksandr Golovin ធ្វើឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផល ៥-០ ។ កីឡាករ Cheryshev ក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតមួយនេះ។
ភាពជោគជ័យលើអារ៉ាប៊ីសាអូឌីតនេះ នាំឲ្យរុស្ស៊ីរក្សាកំណត់ត្រាក្នុងនាមជាម្ចាស់ផ្ទះ World Cup មិនដែលប្រកួតចាញ់ក្នុងជំនួបបើកឆាក FIFA World Cup ២១លើកកន្លងមក ដោយឈ្នះ១៦ និងស្មើ៦ ។ ជាមួយគ្នានេះផងដែរ វាជាកំណត់ត្រាធំទីពីរសម្រាប់ម្ចាស់ផ្ទះ World Cup នាការប្រកួតបើកឆាក បន្ទាប់ពីអីុតាលីឈ្នះអាមេរិក ៧-១ កាលពីឆ្នាំ១៩៣៤ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។