រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាស់តឿនដល់អភិបាលរាជធានី-ខេត្តទាំងអស់ឲ្យខំដោះស្រាយបញ្ហាដីធ្លីមុនការបោះឆ្នោត
ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែមិថុនា លោក ស ខេង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ឲ្យបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពលរដ្ឋនៅតាមរាជធានី-ខេត្តនីមួយៗ។ បើតាមលោកស ខេង ការជំរុញឲ្យខំដោះស្រាយបញ្ហាដីធ្លីនេះ គឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរនៅមុនការបោះឆ្នោត។
លោករដ្ឋមន្រ្តី ស ខេង ក៏បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីនៅតាមខេត្តនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់កុំមាននិន្នាការឡើងមកប្រមូលផ្តុំតវ៉ាដាក់ញត្តិនៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះ អភិបាលរាជធានី-ខេត្តត្រូវណែនាំដល់អាជ្ញាធរ និងកងកម្លាំងឲ្យរក្សាបាននូវភាពអត់ធ្មត់នៅក្នុងការបំពេញការងារដោះស្រាយទំនាស់ដីធ្លី ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសនូវអំពើហិង្សាជាដើម។
សូមបញ្ជាក់ថា ការណែនាំទាំងនេះ រួមមានដូចជា ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាដីធ្លីដែលមានស្រាប់នៅថ្នាក់រាជធានី-ខេត្តឲ្យបន្តខិតខំជំរុញការសម្រុះសម្រួល និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ។
ជាចុងក្រោយ លោករដ្ឋមន្រ្តី ស ខេង បញ្ជាឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបន្តខិតខំពង្រឹងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាននានាឲ្យបានល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលដំណើរការបោះឆ្នោតជាតិខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។