អាជ្ញាធរខេត្តកោះកុង អនុញ្ញាតឲ្យពលករខ្មែរ២០នាក់ វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ
ខេត្តកោះកុង៖ ពលករខ្មែរ២០នាក់ ក្នុងចំណោម៩០នាក់ ដែលបានចូលមកកាន់ប្រទេសកម្ពុជាតាមច្រកនានា នៃខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ម្សិលម៉ិញ ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ហើយរកពុំឃើញវីរុសកូវីដ១៩។
លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា ពលករដែលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជួបជុំគ្រួសារនោះ មានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង រកពុំឃើញវីរុសកូវីដ១៩ឡើយ។ ប៉ុន្តែទោះយ៉ាងណា លោកជំទាវ មិថុនា ភូថង នៅតែទាមទារឱ្យក្រុមពលករបន្តធ្វើអនាម័យសុខភាពអំឡុងពេលទៅដល់លំនៅដ្ឋាន ករណីមានរោគសញ្ញាសង្ស័យណាមួយ គប្បីប្រញាប់ទៅមន្ទីរពេទ្យនៅក្បែរមូលដ្ឋានរស់នៅ។
ក្នុងការជូនដំណើរពលករទាំងនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណចំពោះបងប្អូពលករដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវការរីករាលដាវនូវជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ទាំងអាជ្ញាធររដ្ឋបាល មន្ត្រីសុខាភិបាល និងកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងមូលដ្ឋានខេត្តកោះកុង កំពុងបង្កើនការតាមដានពិនិត្យលំហូចំនួនពលករខ្មែរគ្រប់ច្រកចេញចូលនៃព្រំដែន ជាពិសេសច្រករបៀង ត្រៀមទទួលពលករមកធ្វើចត្តាឡីស័ក២៤ម៉ោងលើ២៤ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។