គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូណេស៊ី រកឃើញចំនួនអ្នកស្លាប់កើនដល់ ៨១នាក់
ឥណ្ឌូណេស៊ី៖ ភ្លៀងមូសុង នៅថ្ងៃអាទិត្យម្សិលមិញ បានរារាំងដល់ប្រតិបត្តិការស្វែងរកអ្នកដែលបន្តកប់នៅក្រោមអគារ ដែលបាក់ដោយការរញ្ជួយដីដ៏ខ្លាំងលើកោះ ស៊ូឡាវេស៊ី របស់ឥណ្ឌូណេស៊ី ក្រោយ គ្រោះរញ្ជួយដីដ៏កក្រើកបានផ្តាច់ជីវិតមនុស្ស៨១នាក់ និងធ្វើអោយមនុស្សរាប់ពាន់នាក់បាត់បង់ទីជម្រក ។
រថយន្តអេស្កាវ៉ាទ័រ និងដងស្ទូចត្រូវបានដាក់ពង្រាយពាសពេញទីក្រុងមាត់សមុទ្រ ម៉ាម៊ូជូ ដែលនៅទីនោះ អគារជាច្រើនត្រូវទទួលការបំផ្លិចបំផ្លាញ រួមទាំងមន្ទីរពេទ្យ និងការិយាល័យអភិបាលខេត្តផងដែរ ។ នៅថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសឥណ្ឌូណេស៊ីក៏បានដាក់ពង្រាយអង្គភាពឆ្កែហិតក្លិន K-9 ដើម្បីជួយដល់ការស្វែងរកនៅឯមន្ទីរពេទ្យមួយដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។
ជនរងគ្រោះភាគច្រើនត្រូវបានគេរកឃើញនៅទីក្រុង ម៉ាម៊ូជូ ប៉ុន្តែអ្នកខ្លះក៏ត្រូវបានគេរកឃើញនៅភាគខាងត្បូងទីក្រុងដែលមានប្រជាជន១១ម៉ឺននាក់ក្នុងខេត្ត West Sulawesi មួយនេះផងដែរ ខណៈអាជ្ញាធរមិនបានផ្តល់តួលេខពីអ្នកដែលនៅរស់រានមានជីវិតក្រោយការជួយសង្គ្រោះនៅឡើយទេ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត៦.២រ៉ិចទ័រកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។