រកឃើញបុរសខ្មែរសញ្ជាតិអាមេរិកាំង ដែលរត់ចេញពីទីតាំងធ្វើចត្តាឡីស័កហើយ
ភ្នំពេញ៖ បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ដែលបានរត់ចេញពីទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន ត្រូវបានក្រុមសមត្ថកិច្ចជំនាញ រកឃើញហើយ កាលពីម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
បុរសខ្មែរសញ្ជាតិអាមេរិកាំងនេះ មានឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ រូបគេបានរត់ចេញពីការធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារមួយ ក្នុងខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច។
បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ក្រោយពេលរត់ចេញ សមត្ថកិច្ចដែលក្នុងនោះមានកម្លាំងនគរបាលចារកម្ម នគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានស្រាវជ្រាវ ហើយបានរកឃើញបុរសម្នាក់នេះស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ។
ក្រោយពេលរកឃើញនេះ ក្រុមគ្រូពេទ្យ បានយកសំណាករបស់គាត់ទៅធ្វើតេស្តម្តងទៀត និងបានបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័កឡើងវិញរយៈពេល១៤ថ្ងៃពេញតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។