ម្ចាស់គំរោងវិនិយោគប្តឹង​អតីតឧកញ៉ា ហូរ ចំរើន រឿងឆបោកប្រាក់ជាង​​​២០០​​​លាន​​​ដុល្លារ

ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់គំរោងវិនិយោគបរទេសចំនួនបីនាក់ បានដាក់ពាក្យបណ្តឹងចូលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រឆាំងនិងអតីតឧកញ៉ា ហូរ ចំរើន ពីបទសីុដាច់លុយ ជាង២០០លានដុល្លារអាមេរិក ។

សំណុំរឿងទាំង៣ករណីគឺស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង សៀង សុខ ក្នុងនោះមានសំណុំរឿងមួយត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការបញ្ជូនទៅចៅក្រមសើុបសួរពិនិត្យតាមនីតិវិធី ចំណែកសំណុំរឿងពីរផ្សេងទៀតអយ្យការអមតុលាការកំពង់ពិនិត្យនៅឡើយ ហើយបានកំណត់ពេលឲ្យដើមបណ្ដឹងចូលមកឆ្លើយបំភ្លឺនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ។

ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌថ្មីទាំងបីសំណុំរឿងនេះ ដែលបានដាក់ពាក្យប្ដឹងប្រឆាំងលោក ហូរ ចំរើន ត្រូវបានប្រភពមួយអះអាងថា មានក្រុមហ៊ុនវិនិយោគបរទេសមួយបានពឹងពាក់ឲ្យអតីតឧកញ៉ា ហូរ ចំរើន រៀបចំទិញដីជាច្រើនហិកតានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីសាងសង់មន្ទីរពេទ្យធំមួយ ទំនើប ហេីយមានលក្ខណៈស្តង់ដាទាន់សម័យ ដែលមានទុនវិនិយោគរហូតដល់ជាង ២០០លាន ដុល្លារអាមេរិក។ ក្នុងនោះក្រុមហ៊ុនបានទំលាក់សាច់ប្រាក់មុនចំនួន៨០លានដុល្លារ ឲ្យលោក ហូរ ចំរើន ដើម្បីរៀបចំនិងចាប់ផ្ដើមអនុវត្តគំរោង ប៉ុន្តែចាប់តាំងពីបានទទួលសាច់ប្រាក់ ៨០លានដុល្លារនោះមក មិនដែលឃើញលោក ហូរ ចំរើន អនុវត្តន៍កិច្ចការគំរោងសាងសង់មន្ទីរពេទ្យនោះចេញទេ រហូតដល់ថ្ងៃមានរឿងប្រើអាវុធបាញ់គំរាមឨពុកម្ដាយក្មេក ហើយត្រូវតុលាការសម្រេចឃុំខ្លួនលោក ហូរ ចំរើន ដាក់ពន្ធនាគារ ទើបម្ចាស់គំរោងវិនិយោគសន្មត់ថាអតីតឧកញ៉ារូបនេះបាន ឆបោកប្រាក់ទើបដាក់ពាក្យប្ដឹងមកតុលាការតែម្ដង ។

ចំណែកបណ្ដឹងពីរទៀតក៏ជាប់ពាក់ព័ន្ធនិងបទល្មើសឆបោកប្រាក់នៅក្នុងគំរោងវិនិយោគលើវិស័យអចលនទ្រព្យដូចគ្នានេះដែរ ដោយចាញ់ឧបាយកល់ឆបោករបស់លោក ហូរ ចំរើន ដែលមានទឹកប្រាក់រាប់រយលានដុល្លារអាមេរិកផងដែរ។

សូមរម្លឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធការបាញ់បោះគំរាមកំហែង​ឪពុកម្ដាយក្មេកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅភូមិគ្រឹៈស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ​ហូ​រ ចំរើន​ អតីតជាម​ន្ត្រី​យោធា​ក្រសួងការពារជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា​នៅ​ថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៨​ និង​មាន​មុខងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​ ប៉ុន្តែ​ក្រោយពេល​ជាប់ឃុំ​នៅ​ពន្ធនាគារ ​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ទាំងអស់​រាប់ទាំង​មុខងា​រ​ជា​ឧកញ៉ា​ផងដែរ ​៕

លោក ​ហូ​រ ចំរើន​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close