ទំនាស់​ហិង្សា​ក្នុង​គ្រួសារ​! កាប់​ទាំង​មេភូមិ​ចំណាស់ របួសធ្ងន់

​ខេត្តស្វាយរៀង​៖ ករណី​ជំលោះ​ហិង្សា​ក្នុង​គ្រួសារ ប្តី​គំរាម​អារ​-​ក​ប្រពន្ធ រត់​ទៅប្តឹង​មេភូមិ ប្តី​កាប់​ទាំង​មេភូមិ​មក បណ្ដាលឱ្យ​រងរបួស​ធ្ងន់ រួច​ដុត​ម៉ូតូ និង​ដុត​ផ្ទះ​ខ្លួនឯង បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ក្នុងភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​នគរបាល​ស្រុក​ស្វាយជ្រំ បាន​ឲ្យ​ដឹង​តាម​ថា ជនសង្ស័យ ឈ្មោះ កែវ ធូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​លោក​មេភូមិ ឈ្មោះ សួស សារី អាយុ​៧០​ឆ្នាំ ត្រូវ​ជនសង្ស័យ យក​ពូថៅ​កាប់​ត្រូវ​៦​កន្លែង រងរបួស​ធ្ងន់​។​

​ប្រភព​បាន​បន្តថា ជនសង្ស័យ​ទើប​ធ្វើដំណើរ​មកពី​ភ្នំពេញ​មកលេង​ស្រុកកំណើត នៅ​ភូមិ​ឃុំ​ខាងលើ លុះ​មកដល់​ផ្ទះ​ជនសង្ស័យ បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ និង​បាន​គំរាម​អារ​.​ក​ប្រពន្ធ ដោយ​ភ័យខ្លាច​ប្រពន្ធ​ជនសង្ស័យ បាន​រត់​ទៅប្តឹង​លោក​មេភូមិ​ដើម្បី​ឲ្យ​ជួយ ពេល​មេភូមិ បាន​មកដល់​ស្រាប់តែ ជនសង្ស័យ បាន​យក​ពូថៅ​កាប់ និង​វាយ​ត្រូវចំ​ក្បាល និង​ខ្លួន​លោក​មេភូមិ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្តតាម​វិធាន​ការបន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close