ថៃ នឹងអនុញ្ញាតប្រើវ៉ាក់សាំងកូវីដ១៩ នៅសប្តាហ៍នេះ
ថៃ៖ រដ្ឋបាលចំណីអាហារ និងឱសថថៃ ដែលហៅកាត់ថា FDA ត្រូវរំពឹងថា នឹងអនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស Oxford-AstraZeneca នៅសប្តាហ៍នេះ សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ក្នុងប្រទេសអាស៊ីមួយនេះ។
ស្របពេលជាមួយគ្នានេះដែរ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ DCD របស់ក្រសួងសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត អប់ផាស់ ខើនកាវីនភុង នៅថ្ងៃចន្ទនេះ និយាយថា FDA កំពុងពិនិត្យមើលឯកសារដែលបានដាក់ជូន ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Covid-19 ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្រសួងទំនងជានឹងចាប់ផ្តើមការចាក់ថ្នាំបង្ការជំងឺ Covid-19 របស់ខ្លួនដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅខែក្រោយនេះ ។ បើតាមអគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារ និងឱសថថៃ FDA លោកវេជ្ជបណ្ឌិត ស៊ូរ៉ាឆូក តាំងវីវ៉ាត់ ឯកសារដែលបានដាក់ជូនខាងលើនេះ មានព័ត៌មានលម្អិតទាំងគុណភាព និងដំណើរការផលិតវ៉ាក់សាំង ហើយនេះនឹងជួយពន្លឿននៃដំណើរការចុះបញ្ជីរបស់ខ្លួន ។
សូមជម្រាបថា បើតាមការគ្រោងទុកនោះ វ៉ាក់សាំងដំបូងនឹងត្រូវចាក់លើក្រុមដែលមានហានិភ័យនៅក្នុងខេត្តចំនួន០៥របស់ប្រទេសថៃ ដែលត្រូវបានកំណត់ថា ជាតំបន់គ្រប់គ្រងជំងឺ Covid-19 អតិបរមា និងតឹងរ៉ឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។