ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋ នៅតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យការអភិរក្សព្រៃឈើ មានភាពប្រសើរឡើង
ខេត្តមណ្ឌលគិរី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការបាននិងកំពុងតែគ្រប់គ្រងតំបន់អភិរក្សនៅក្នុងប្រទេសកម្ពុជា គឺការកសាងរបងរស់រឹងមាំនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ ហើយរបងរស់ដែលក្រសួងបរិស្ថានបានគិតនោះគឺប្រជាសហគមន៍ ដែលកំពុងរស់នៅជុំវិញតំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន តាមរយៈការផ្តល់នូវការគាំទ្រទៅលើបច្ចេកទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែបង្ការផ្សេងៗដើម្បីបង្កើនចំណូលគ្រួសាររបស់ពួកគាត់ ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលរៀបចំដោយ ក្រសួងបរិស្ថាន និង អង្គការ WWF ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ខែមករាឆ្នាំ២០២១។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងបន្ថែមថា គោលនយោបាយបង្កើតមុខរបរថ្មីឱ្យពលរដ្ឋនេះមានប្រសិទ្ធភាពពីព្រោះថា ប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញតំបន់ការពារធម្មជាតិនិងនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន ភាគច្រើនមុខរបររបស់គាត់គឺប្រមូលអនុផលព្រៃឈើ ក៏ប៉ុន្តែមុខរបររបស់គាត់ខ្លះ គឺចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វ ដាក់អន្ទាក់ជាដើម ដែលការណ៍ទាំងនេះវាបំផ្លិចបំផ្លាញទៅលើធនធានធម្មជាតិ ដូច្នេះដើម្បីការពារព្រៃឈើរបស់យើងការពារសត្វព្រៃរបស់យើង នៅក្នុងព្រៃនេះឱ្យបានគង់វង្ស នោះគឺការបង្កើតនៅជម្រើសថ្មីជូនដល់ប្រជាពលរដ្ឋ បង្កើតនូវមុខរបរថ្មីជូនដល់ប្រជាពលរដ្ឋហើយគាំទ្រផ្នែកបច្ចេកទេស និង បង្កើតនូវចំណូលសម្រាប់ពួកគាត់។
ចំណែកលោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានថ្លែងថា អង្គការបានសហការជាមួយក្រសួងបរិស្ថានធ្វើការគាំទ្រលើតំបន់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៨ នៅខេត្តមណ្ឌលគិរីដើម្បីជួយកែប្រែជីវភាពពលរដ្ឋដោយបណ្តុះបណ្តាលបច្ចេកទេស និងគាំទ្របង្កើតមុខរបរថ្មី។ ជាក់ស្តែង សហគមន៍ការពារធម្មជាតិអរបួនលើដែលនៅក្នុងតំបន់ជម្រកសត្វព្រៃស្រែពក គឺនៅក្នុងមួយឆ្នាំគ្រាន់តែគាត់ប្រមូលនូវអនុផលព្រៃឈើដែលនៅក្នុងនោះមាន ជ័រចុង ទឹកឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ឫសឈើសម្រាប់ផ្សំថ្នាំ និងផលិតផលផ្សេងៗទៀតដែលជាអនុផលព្រៃឈើ ដូចជាបន្លែធម្មជាតិជាដើមក្នុង មួយឆ្នាំគាត់បាន រកចំណូលពីអនុផលព្រៃឈើរហូតដល់៣២១លានរៀលស្មើប្រមាណជាង៨ម៉ឺនដុល្លារអាម៉េរិកនៅក្នុងមួយឆ្នាំ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា«នៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី ជាភូមិសាស្ត្រមួយដែលមានដែនជម្រកសត្វព្រៃស្រែពកនេះគឹយើងពិតជាឃើញមាននូវការវិវត្តិថ្មីនៃគោលនយោបាយនេះគឺ ការទទួលបាននូវផលប្រយោជន៍ពីការអនុវត្តនេះគឺប្រជាពលរដ្ឋគាត់ផ្លាស់ប្តូរមុខរបរគាត់មកដាំបន្លែ គាត់មកប្រមូលនូវអនុផលព្រៃឈើដោយការពារព្រៃឈើ ការពារសត្វព្រៃ ជីវចម្រុះនៅក្នុងព្រៃនេះ ពួកគាត់ បានទទួលចំណូលច្រើន»។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ទាំងនេះគឺជាថវិកាដែលប្រជាសហគមន៍ប្រមូលបានពីអនុផលព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ហើយចំណុចមួយទៀត គឺការបង្កើតមុខរបរថ្មី ដូចជាប្រជាពលរដ្ឋដាំបន្លែ បង្ការ មានម្ទេស ប៉េងប៉ោះ ស្បៃក្តោប ត្រប់ និង ផលិតផលបន្លែបង្ការផ្សេងៗទៀត បានផ្តល់ចំណូលឱ្យពួកគាត់។ «នេះជាចំណុចមួយដែលយើងឃើញថា កិច្ចការងារនៅក្នុងការពង្រឹងសេដ្ឋកិច្ចនៅមូលដ្ឋាននេះគឺបាននាំមកនូវការផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់ ហើយខ្ញុំបានជួបជាមួយប្រជាកសិករអម្បាញ់មិញដែលគាត់បានប្រកបមុខរបរដាំបន្លែ ដាំបង្ការនេះ ពីមុនមកគាត់ជាអ្នកចូលព្រៃកាប់ឈើ ចូលព្រៃដាក់អន្ទាក់ ហើយគាត់បានប្រាប់ថា ពេលគាត់ចូលព្រៃដែលបានប្រព្រឹត្តទង្វើ កាប់ឈើ ដាក់អន្ទាក់នេះ គឺមានការព្រួយបារម្ភ ពេលធ្វើមុខរបរនេះ មានអារម្មណ៍ភិតភ័យដោយសារតែខ្លាចត្រូវប្រឈមជាមួយនឹងការអនុវត្តច្បាប់ បន្តែពេលផ្លាស់ប្តូររបរ គាត់បានបញ្ជាក់ថា អារម្មណ៍របស់គាត់គឺសប្បាយរីករាយ គាត់មានសុវត្ថិភាពផ្លូវចិត្ត ផ្លូវកាយរបស់គាត់ ហើយគាត់មានឱកាសក្នុងការរស់នៅជួបជុំគ្រួសារហើយប្រកបមុខរបរ ហើយគាត់ថែមទាំងមានចំណូលប្រចាំថ្ងៃ ប្រចាំខែរបស់គាត់ទៀត»។
កសិករដាំបន្លែបានឱ្យដឹងថា ពេលដែលគាត់ប្រកបមុខរបរកាប់ឈើ គាត់ពុំមានថវិកាទេ សូម្បីតែកូនទៅរៀនក៏អត់មានលុយឱ្យកូនទៅរៀនដែរ អ៊ីចឹងពេលគាត់ប្រកបមុខរបរ ដាំបន្លែ ដាំបង្ការ ប្រចាំឆ្នាំរបស់គាត់ ដាំឆ្លាស់រដូវគ្នា ឆ្លាស់ប្រភេទនៃបន្លែ គាត់ចាប់ផ្តើមនៅសល់លុយ គាត់អាចសន្សំប្រាក់បាន ហើយគាត់មានលុយគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗគាត់ថែមទៀត។ លោក ងីម ឡាប៉េ កសិករគំរូ នៅសហគមន៍ការពារធម្មជាតិភូមិអរបួន ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី បាននិយាយថា ការដាំបន្លែជួនកាលមានខុសមានត្រូវ ប៉ុន្តែមានចំណូលទៀងទាត់ បានតិចបានច្រើនទៅតាមខែណាដាំបានល្អ អាចកើនខ្ពស់ ខែណាដាំមិនបានល្អដោយសារសត្វល្អិតស៊ីជាដើម វាកាត់បន្ថយចំណូល ប៉ុន្តែលោកមិនខ្វះខាតទេ អាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ពីមួយឆ្នាំទៅមួយឆ្នាំ។ ខុសពីរបររកឈើមួយថ្ងៃកាត់ មួយថ្ងៃកោរ ជួនកាល មួយខែលួចដឹកបានតែពីរជើងហើយខកខាន ភ័យខ្លាចអាជ្ញាធរអនុវត្តច្បាប់ និង ជួបបញ្ហាជាច្រើនទៀត។
បើតាមឯកឧត្តម នេត្រ ភក្ត្រា នេះជាភាពជោគជ័យនៃការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ហើយសម្រាប់ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានដែលមានតួនាទីភារកិច្ច នៅក្នុងការសម្របសម្រួល ទៅលើការងារនៃតំបន់ការពារធម្មជាតិ ដែលមានប្រជាសហគមន៍រស់នៅក្នុងនោះ ក៏ដូចជាផ្តល់នូវប្រភេទពូជសត្វ ពូជរុក្ខជាតិដើម្បីឱ្យពួកគាត់ដាំដើម្បីទទួលបានផល ក្រៅពីនោះក្រសួងបរិស្ថាន ក៏បានសហការជាមួយអង្គការដៃគូ ដូចជា អង្គការនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺអង្គការWWFអង្គការ WCSជាដើម ដែលបានធ្វើសកម្មភាព នៅក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋ ជំរុញឱ្យប្រជាពលរដ្ឋឱ្យមានជម្រើសថ្មីក្រៅអំពីមុខរបរចូលព្រៃកាប់ឈើ ហើយទិសដៅសំខាន់គឺក្រសួងបរិស្ថានចង់លុប បំបាត់ កាត់បន្ថយនូវមុខរបរនេះ ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានដើម្បីពង្រឹងប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត បន្ថែមពីលើការអនុវត្តច្បាប់គឺការផ្តល់នូវមុខរបរ ការដាំបន្លែបង្ការដើម្បីផ្គត់ផ្គង់ទីផ្សារ ការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខ តម្រូវការបន្លែទីផ្សារក៏មានភាពចាំបាច់ដែលត្រូវការជំរុញបន្ថែម លើការដាំដុះនៅក្នុងស្រុក ហើយការដាំដុះនេះពិតជាអាចចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិនិងធ្វើឱ្យការ ការពារតំបន់ការពារធម្មជាតិរបស់យើងមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។