ព្យុះ​ព្រិល​នៅ​ជប៉ុន បង្ក​ឲ្យ​រថយន្ត​ជាង ១៣០​គ្រឿង​បុក​បន្តកន្ទុយ​

ព្យុះ​ទឹកកក​ដ៏​ធំ​មួយ បាន​វាយប្រហារ​ផ្លូវ​ល្បឿន​លឿន​(highway ) នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ជប៉ុន ដែល​បណ្តាល​ឲ្យ​រថយន្ត​ជាង ១៣០ គ្រឿង​បុក​បន្តកន្ទុយ​គ្នា និង​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់បាត់​បង់ជីវិត និង ១០​នាក់​រងរបួស​។​

​បើតាម​អជ្ញាធរ បាន​ឲ្យ​ដឹងថា ព្យុះ​ទឹកកក​ដ៏​ធំ​នេះ​បាន​បក់បោក​លើផ្លូវ​ល្បឿន​លឿន​ឈ្មោះថា Tohoku Expressway ស្ថិតក្នុង​ខេត្ត Miyagi នៅវេលា​ថ្ងៃត្រង់ នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ប្រហែល ២០០ នាក់ បាន​ជាប់គាំង​នៅក្នុង​គំនរ​ព្រិល​ទឹកកក ខណៈ​អ្នក​ជួយសង្គ្រោះ កំពុង​ដុតដៃដុតជើង នៅ​កន្លែងកើតហេតុ​។​

​គួរ​បញ្ជាក់ថា នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ជប៉ុន​បាន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ព្រិល​យ៉ាងខ្លាំង ដោយ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ មើលឃើញ​ការធ្លាក់​ព្រិល​ច្រើន​ទ្វេដង​លើសពី​ធម្មតា​។ កាលពី​ខែ​មុន ដោយសារតែ​ព្រិល​ធ្លាក់​ខ្លាំង បានធ្វើ​ឲ្យ​យានយន្ត​ជាង ១,០០០​គ្រឿង ជាប់គាំង​នៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន Kanetsu Expressway អស់​រយៈពេល ២​ថ្ងៃ​។​

​នៅក្នុង​ព្រិ​ត្តិ​ការណ៍​មួយ​ផ្សេងទៀត នៅ​ថ្ងៃទី ១៩​ខែមករា ឆ្នាំ​២០២១ ខេត្ត​អូ​គី​ណា​វ៉ា ស្ថិតនៅ​ភាគខាងត្បូង​ជប៉ុន បានប្រកាស​អាសន្ន​ពី​ការឆ្លង​រាលដាល​កូ​វីដ ១៩ ខណៈ​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​ជប៉ុន​កើនឡើង​ខ្ពស់ ។​ ​អភិបាលខេត្ត​អូ​គី​ណា​វ៉ា លោក​Denny Tamaki បានសម្រេច​ប្រកាសអាសន្ន ដោយ​ស្នើ​ដល់​បណ្តា​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត នានា ត្រូវ​បិទទ្វារ​ចាប់ពី​ម៉ោង ២០ រៀងរាល់ថ្ងៃ​។

ជាមួយគ្នា​នោះ​ពលរដ្ឋ ដែល​មិនមាន​ការចាំបាច់​មិនត្រូវ​ចេញពីផ្ទះ​ឡើយ​។ ស្ថានភាព​អាសន្ន​នឹង​អូសបន្លាយ​ដល់​ទៅ ថ្ងៃទី ៧​ខែកុម្ភៈ​ឆ្នាំ​២០២១​។​ ​កន្លងមក​រដ្ឋា​ភី​បាលជ​ប៉ុន​បានប្រកាស​អាសន្ន​នៅ​ទីក្រុង​តូ​ក្យូ និង​ខេត្ត​ចំនួន​៣​ផ្សេងទៀត ។ ដោយឡែក​ខេត្ត អូ​គី​ណា​វ៉ា គឺជា​ទីកន្លែង​ដែល​ទាហាន​អាមេរិក ឈរជើង​ភាគច្រើន បានសម្រេច​ប្រកាសអាសន្ន ក្រោយ​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩​កើនឡើង​ខ្ពស់ ។​

​បណ្តាញ​ទូរទស្សន៍​ជប៉ុន NHK បាន​ផ្សាយ​ថា ខេត្ត​អូ​គី​ណា​វ៉ា នៅ​ថ្ងៃទី ១៩ ខែមករា នេះ បាន​រកឃើញ មាន​អ្នក​ឆ្លង​កូ​វីដ ១៩ ដល់​ទៅ ១១៣​នាក់​គឺជា​ចំនួន​ឆ្លង​ខ្ពស់ ៣​ថ្ងៃ​ជាប់​គ្នា​ក្នុង​ខេត្ត​នេះ​។​ ​កន្លងមក រដ្ឋាភិបាល ខេត្ត Shizuoka ស្ថិតនៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​ក៏បាន​ប្រកា​សអាន្ន ពី​វីរុស​ទម្រង់​ថ្មី ក្រោយ​រកឃើញ​មាន​៣​នាក់​ឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​ថ្មី​មាន​ប្រភព​ចេញពី​ប្រទេស​អង់គ្លេស​។​

​គិត​មកដល់​វេលា​ម៉ោង ២០ យប់​ថ្ងៃទី​១៩​ខែមករា តាម​គេហទំព័រ​Worldometer នៅ​ទូទាំងប្រទេស​ជប៉ុន​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ទៅ​328.294 នាក់ និង​ស្លាប់​៤៥០១​នាក់ ។ ជាមួយគ្នា​នោះ​ក៏មាន​អ្នកជា​សះស្បើយ​ជាង ២៥២​ពាន់​នាក់​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close