នាយករដ្ឋមន្ត្រី​ឥណ្ឌា​ចាក់​វ៉ាក់សាំង កូ​វីដ​១៩

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង COVID-19 នៅក្នុង​ដំណាក់កាល​ទី​២ នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង ប្រទេស ដែលមាន​ប្រជាជន​ច្រើន​គេ​បំផុត​លំដាប់​ទី​២ នៅលើ​ពិភពលោក​មួយ​នេះ​។​

​ទូរទស្សន៍​ឥណ្ឌា NDTV ធ្វើ​សេចក្ដីរាយការណ៍​បែបនេះ ដោយ​ផ្អែកលើ​ប្រភព​ដែល​ខ្លួន​ទទួលបាន​ពី​មន្ត្រី​ឥណ្ឌា​ជាច្រើនរូប ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។ NDTV បានឱ្យដឹងថា​ការចាក់​វ៉ាក់សាំង​ក្នុងដំណាក់កាល​ទី​២ ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ខែមីនា ឬ​ខែមេសា​ខាងមុខនេះ ដោយ​គ្របដណ្ដប់​លើ​ប្រជាជន​ឥណ្ឌា ២៧០​លាន​នាក់ ហើយនឹង​ផ្ដោតជាសំខាន់​លើ​ក្រុមមនុស្ស​មាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ និង​ជន​ងាយ​រងគ្រោះ​ដទៃ​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា នៅក្នុង​ខែមករា​នេះ បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង COVID-19 ចំនួន​២ ដែល​ផលិត​រួមគ្នា​ដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន AstraZeneca និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech​។ បើតាម​គេហទំព័រ worldometer ឥណ្ឌា បច្ចុប្បន្ន មាន​អ្នក​ឆ្លង COVID-19 សរុប ១០,៦១១,៧១៩​នាក់ ក្នុងនោះ​ស្លាប់ ១៥២,៩០៦​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០,២៦៥,៧០៦​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close